ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់កំពុងដេកក្នុងអង្រឹងនៅលើផ្ទះសុខៗ ស្រាប់តែត្រូវបុរសម្នាក់ បានកាន់កាំបិតឡើងទៅលើផ្ទះកាប់ប្រហារ ចំនួន១កាំបិត បណ្តាលឱ្យរយះលើខ្នងជើងរងរបួសធ្ងន់ ដោយចោទប្រកាន់ថា ជនរងគ្រោះចេះអំពើអាបធ្មប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិអង្គរមាស ឃុំជង្រុក ស្រុកគងពិសី។
ជនបង្កហេតុដែលកាន់កាំបិតឡើងកាប់បុរសម្នាក់ដល់លើផ្ទះ ដោយចោទថាចេះអាបធ្មប់នោះ មានឈ្មោះសែម ណុម អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះសេន តារា អាយុ៥៥ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា (រងរបួសរយះខ្នងជើងខាងស្តាំ១)។
តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់ (ជនរងគ្រោះ) បានដេកនៅក្នុងអង្រឹងនៅលើផ្ទះ ចំណែកគាត់នៅក្រោមផ្ទះ លុះបន្តិចក្រោយមក ក៏លេចមុខជនដៃដល់ខាងលើ ដើរចូលមកដល់ដោយក្នុងដៃមានកាន់កាំបិត១ផង បានសួររកប្តីរបស់គាត់ ចំណែកគាត់នឹកស្មានថា ជនរងគ្រោះសួររកប្តីគាត់មានការធម្មតា ទើបប្រាប់ថា ប្តីគាត់កំពុងដេកនៅក្នុងអង្រឹងលើផ្ទះឯណោះ។ ភ្លាមនោះ ជនដៃដល់ក៏បានដើរឡើងទៅលើផ្ទះរបស់គាត់ រួចក៏ទាញកាំបិតកាប់ប្រហារប្តីគាត់ តែសំណាងល្អត្រូវប្តីគាត់ដឹងខ្លួនទាន់ លើកជើងខាងឆ្វេងរង ទើបបណ្តាលឱ្យរងរបួសរយះខ្នងជើងខាងស្តាំតែម្តង។
ក្រោយកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍រហូតឈានដល់ការចាប់ខ្លួនជនដៃដល់ នាំយកមកធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនដៃដល់ បានឆ្លើយសារភាពថា រូបគេពិតជាបានកាប់ប្រហារជនរងគ្រោះប្រាកដមែន មូលហេតុដោយសារតែជនរងគ្រោះចេះអំពើអាបធ្មប់ ធ្វើឱ្យក្រុមគ្រួសាររបស់ខ្លួនមានបញ្ហាឈឺថ្កាត់។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕