ខេត្តកំពង់ឆ្នាំង ៖ ជនដៃដល់ជាឃាតករដៃឆៅ ដែលបានធ្វើសកម្មភាពបាញ់សម្លាប់ថៅកែទឹកសុទ្ធ ជីងថាយ យ៉ាងព្រៃផ្សៃ កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ នៅចំណុចភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន កាលពីពេលថ្មីៗនេះ ធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះដែលកំពុងមានការភ័យព្រួយពីសុវត្ថិភាពផង កើតទុក្ខមិនសុខចិត្តចង់បានយុត្តិធម៌ជូនជនរងគ្រោះផង បានស្ងប់ចិត្ត។
ជនសង្ស័យជាឃាតករ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឆោម អាយុ៥៨ឆ្នាំ មានលំនៅក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស។ ចំណែកបុរសរងគ្រោះ ដែលត្រូវឃាតករចិត្តកំណាច បាញ់សម្លាប់យ៉ាងឃោរឃៅ មានឈ្មោះប៊ិន ហឿន អាយុ៦២ឆ្នាំ ជាថៅកែទឹកសុទ្ធ យីហោ ជីងថាយ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីយុវជនឈ្មោះម៉ុយ ប៊ុនធឿន ត្រូវជាកូនប្រុសជនរងគ្រោះ បានរៀបរាប់ពីការភ័យខ្លាចរបស់ក្រុមគ្រួសារខ្លួនថា ពេលនេះគ្រួសាររបស់ខ្លួន បានស្ងប់អារម្មណ៍ខ្លះហើយ ដោយសារតែការចាប់ជនសង្ស័យម្នាក់ ដែលជាជនដៃដល់បាញ់សម្លាប់ឪពុករបស់ខ្លួន កាលពីខែឧសភាកន្លងទៅនេះ។ ជាមួយគ្នានេះ យុវជនខាងលើ ក៏បានថ្លែងអំណរគុណដល់សមត្ថកិច្ចនគរបាលទាំងអស់ដែលបានសហការគ្នាចាប់ជនសង្ស័យ យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ឪពុករបស់ខ្លួនដែលបានស្លាប់ទៅ។
យោងតាមរបាយការណ៍សន្និដ្ឋានរបស់សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ជនសង្ស័យក្នុងករណីឃាតកម្មខាងលើមានឈ្មោះឆោម ឆន អាយុ៥៨ឆ្នាំ ជាជនសង្ស័យក្នុងបទឃាតកម្មគិតទុកជាមុន ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៧និង៥០នាទីយប់ នៅផ្ទះសិប្បកម្មផលិតទឹកសុទ្ធ បណ្តាលឱ្យបុរសឈ្មោះប៊ិន ហឿន ជាម្ចាស់សិប្បកម្ម បានស្លាប់នៅមុខផ្ទះ របស់ខ្លួនស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស។
គួររំលឹកថា កាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ មានករណីឃាតកម្មដ៏ឃោរឃៅមួយបានកើតឡើងនៅចំណុចសិប្បកម្មទឹកសុទ្ធមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ដោយបុរសវ័យចំណាស់ ជាម្ចាស់សិប្បកម្មផលិតទឹកសុទ្ធ យីហោ “ជីងថាយ” ត្រូវបានឃាតករដៃឆៅម្នាក់ ប្រដាប់ដោយកាំភ្លើងអាកា បានភ្ជង់គំរាម រួចបាញ់ប្រហារទាំងកំរោលចំនួន៣ គ្រាប់ចំចង្កេះ បណ្តាលឱ្យជនរងគ្រោះប្រកាច់រមៀលចូលទៅខាងក្រោមរថយន្តស្លាប់យ៉ាងអាណោចអាធ័ម។
តាមសម្តីសាក្សីម្នាក់ឈ្មោះហឿន ម៉េងហាក់ អាយុ១៦ឆ្នាំ ជាចៅប្រុសបុរសរងគ្រោះ ដែលស្ថិតនៅក្នុងហេតុការណ៍ខាងលើនេះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះ មានឈ្មោះប៊ិន ហឿន អាយុ៦១ឆ្នាំ ជាថៅកែសិប្បកម្មទឹកសុទ្ធម៉ាក ជីងថាយ រស់នៅក្នុងភូមិឃុំកើតហេតុ។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរមកពីរោងសិប្បកម្មទឹកសុទ្ធនៅទិសខាងត្បូង ទល់មុខផ្ទះសំដៅមកផ្ទះវិញ ស្រាប់តែរំពេចនោះ ក៏លេចមុខជនសង្ស័យម្នាក់ ពាក់មួកពណ៌ខ្មៅនិនចារ បិតមុខជិតឃើញតែប្រឡោះភ្នែក ស្លៀកពាក់ខោអាវប៉ារ៉ា មិនដឹងជាលបពួនស្ទាក់ចាំជនរងគ្រោះតាំងពីពេលណា ប្រដាប់ដោយកាំភ្លើងអាកា១ដើម បានដើរមកភ្ជង់ពីក្រោយខ្នងជនរងគ្រោះ។
លុះពេលជនសង្ស័យភ្ជង់ជនរងគ្រោះដើរមកដល់មុខផ្ទះជនរងគ្រោះ ក៏បានស្រែកប្រាប់ខ្លួនដែលជាចៅ និងក្មួយៗ២នាក់ទៀត ដែលកំពុងរៀបទឹកសុទ្ធនៅលើឡានថា “អាហាក់ទៅយកលុយមកឱ្យគេ” ភ្លាមនោះរូបគេ បានថា តើតាឯងជំពាក់លុយអ្នកណា ស្រាប់តែរូបគេក្រឡេកទៅមើលជីតា ឃើញមានគេភ្ជង់គាត់ជាប់ពីក្រោយ។ ក្នុងពេលនោះ ដែររូបគេបានលើកទូរស័ព្ទប្រុងខលទៅពូឈ្មោះធីម ឱ្យយកលុយមកឱ្យជនសង្ស័យ ស្រាប់តែត្រូវជនសង្ស័យបិតមុខជិតនោះ បានស្រែកថា “បើហ៊ានលើកទូរសព្ទ័ម្តងទៀត អញនឹងបាញ់ឱ្យងាប់ទាំងអស់គ្នា”។
យុវជនជាចៅប្រុសជនរងគ្រោះបានបន្តថា ខណៈនោះក្នុងពេលជនបិតមុខបែរកាំភ្លើងមកភ្ជង់រូបគេដែលជាអ្នកចុចទូរស័ព្ទ ជនរងគ្រោះឃើញឱកាសល្អ ក៏បានរត់គេចមកផ្លូវមុខផ្ទះ តែរត់បានតែ២ទៅ៣ជំហាន ក៏ត្រូវជនសង្ស័យបាញ់ចំចង្កេះពីក្រោយចំនួន៣គ្រាប់ បណ្តាលឱ្យដួល រមៀលប្រកាច់ចូលក្រោមឡានទឹកសុទ្ធស្លាប់ភ្លាមៗតែម្តង។ ក្នុងពេលនោះដែរ រូបគេនិងក្មួយបុរសជនរងគ្រោះ២នាក់ទៀត បាននាំគ្នារត់គេចខ្លួនចេញពីកន្លែងកើតហេតុបានដោយសុវត្តិភាព។ ចំណែកជនល្មើសក៏ប្រញាប់រត់ទៅឡើងជិះម៉ូតូម៉ាកវ៉េវក កញ្ចាស់១គ្រឿង គេចទៅទិសខាងកើត បាត់ស្រមោលដោយសុវត្ថិភាព៕