Friday, January 24, 2025
Homeព័ត៌មានជាតិដាក់ខ្លាំងពេក ដើររអិលធ្លាក់ទឹកស្រះលង់ស្លាប់

ដាក់ខ្លាំងពេក ដើររអិលធ្លាក់ទឹកស្រះលង់ស្លាប់

ខេត្តស្វាយរៀង ៖ ស្ត្រីម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា តែងផឹកស្រាស្រវឹងរាល់ថ្ងៃ រហូតដល់ក្លាយជាមនុស្សញៀនស្រា (ដុះមេ) ផឹករហូតលែងនឹកនារកបាយទឹក និងធ្វើឱ្យប៉ះពាល់ដល់សរសៃប្រសាទទៀតផង លុះក្រោយពីផឹកស្រវឹង ក៏ដើររអិលជើងធ្លាក់ចូលស្រះទឹក បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលមិនមានអ្នកណាម្នាក់បានប្រទះឃើញ និងជួយសង្គ្រោះទាន់ពេលវេលា។

ករណីស្ត្រីស្រវឹងស្រាដើរធ្លាក់ទឹកស្រះលង់ស្លាប់ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចស្រះទឹក ខាងក្រោយផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិបត់ស្លឹក សង្កាត់ច្រកម្ទេស ក្រុងបាវិត។

ស្ត្រីរងគ្រោះខាងលើ មានឈ្មោះម៉ី សារ័ត្ន អាយុ៤០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ស្ត្រីរងគ្រោះ គឺជាមនុស្សចូលចិត្តផឹកស្រាខ្លាំងណាស់ តែងផឹកស្រវឹងស្ទើររាល់ថ្ងៃ ហើយទោះជាអ្នកភូមិ ក៏ដូចជាក្រុមគ្រួសារបានហាមឃាត់កុំឱ្យផឹកយ៉ាងណា ក៏មិនព្រមស្តាប់ នៅតែបន្តផឹក រហូតដល់ក្តៅខួរ ធ្វើឱ្យប៉ះពាល់សរសៃប្រសាទទៀតផង។ មិនតែប៉ុណ្ណោះ ឱ្យតែបានស្រាចូលពោះ មិនខ្ចីនឹកនាដល់បាយទឹកឡើយ ពោលគឺផឹករហូតត្រូវគេហៅថា ដុះមេទៅហើយ។

ប្រភពដដែលបន្តថា នៅមុនកើតហេតុ ស្ត្រីរងគ្រោះបានដើរចេញពីផ្ទះទៅផឹកស្រាបាត់ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែមានអ្នកភូមិ និងក្មេងៗ ប្រទះឃើញសពស្ត្រីរងគ្រោះនៅក្នុងទឹកស្រះ ទើបកើតមានការភ្ញាក់ផ្អើល និងរាយការណ៍មកសមត្ថកិច្ចតែម្តង៕

RELATED ARTICLES