ភ្នំពេញ៖ យុវជនម្នាក់ព្រោះតែសុំលុយពីម្តាយ២ពាន់រៀលយកទៅផឹកកាហ្វេមិនបាន ក៏ផ្ទុះកំហឹងរករឿងឈ្លោះប្រកែក វាយដំប្អូនស្រីរបស់ខ្លួន លុះម្តាយឃើញក៏ស្ទុះចូលទៅឃាត់ ស្រាប់តែត្រូវកូនប្រុសចិត្តកំណាច ទាញបំពង់ទីបវាយសំពងម្តាយ បណ្តាលឱ្យបែកមាត់ បែកក្បាល និងថែមទាំងបានគំរាមម្តាយទៀតថា ប្រសិនបើហ៊ានប្តឹងប៉ូលិស ច្បាស់ជាស្លាប់មិនខាន។
ករណីអំពើហិង្សាក្នុងគ្រួសារនេះ បានកើតឡើងកាលពីវេលារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិថ្មគោល៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
យុវជនដៃដល់ ដែលវាយប្អូនស្រី និងម្តាយបែកមាត់ បែកក្បាល រួចថែមទាំងគំរាមសម្លាប់ទៀតនេះ មានឈ្មោះជុំ សៅលី អាយុ២១ឆ្នាំ មុខរបរជាកម្មករសំណង់ និងដើរីរើសអេតចាយ ស្នាក់នៅផ្ទះជួលក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះជាម្តាយវ័យប្រមាណជាង៥០ឆ្នាំ រួមនឹងប្អូនស្រី សុំមិនបញ្ចោញឈ្មោះ រងរបួសបែកមាត់ បែកក្បាល និងដងខ្លួនយ៉ាងដំណំ។
តាមសម្តីស្ត្រីរងគ្រោះជាម្តាយ បានរៀបរាប់ទាំងទឹកភ្នែកថា កូនប្រុសរបស់គាត់ម្នាក់នេះ (ជនដៃដល់) ធ្វើការងារសំណង់ផង ដើររើសអេតចាយផង។ នៅមុនកើតហេតុ តាំងពីអំឡុងមុនពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ កូនប្រុសបានចេញទៅធ្វើសំណង់ បានលុយចំនួន២៣ម៉ឺនរៀល ក៏បានយកមកឱ្យគាត់ជាម្តាយចំនួន១៣ម៉ឺនរៀល ចំណែក១០ម៉ឺនរៀលទៀត គេទុកចាយវាយខ្លួនឯង។
ស្ត្រីរងគ្រោះជាម្តាយ បានបន្តទៀតថា លុយចំនួន១៣ម៉ឺនដែលកូនប្រុសប្រគល់ឱ្យគាត់នោះ គឺកូនប្រុសតែងសុំទៅវិញម្តង២ពាន់រៀល ម្តង៣ពាន់រៀល ទាំងព្រឹកទាំងថ្ងៃទាំងល្ងាច យកទៅហូបបាយស្រូបយកផឹកកាហ្វេ និងលេងខ្លាឃ្លោកជាងរៀងរាល់ថ្ងៃ ហើយរាល់ពេលដែលកូនប្រុសនេះសុំ គឺត្រូវតែឱ្យជាដាច់ខាត បើសិនជាមិនឱ្យទេ ច្បាស់ជាត្រូវកូនប្រុសនេះរករឿងអុកឡុក វាយបោកចានឆ្នាំង ទ្រព្យសម្បត្តិក្នុងផ្ទះ ខ្ទេចអស់មិនខាន។
ស្ត្រីជាម្តាយបញ្ជាក់ថា លុះមកដល់វេលារសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ កូនប្រុសកំណាចនោះ ក៏បានមកសុំលុយពីគាត់ជាម្តាយចំនួន២ពាន់រៀល ប្រាប់ថា យកទៅផឹកកាហ្វេ តែគាត់ពុំមានលុយឱ្យ ទើបធ្វើឱ្យកូនប្រុសមួម៉ៅក្តៅចិត្ត រករឿងអុកឡុកពេញផ្ទះ និងរាលដាលដល់ប្រើអំពើហិង្សាវាយដំ ច្រំធាក់ទៅលើប្អូនស្រីបង្កើត បណ្តាលឱ្យរងរបួសពេញខ្លួន ឃើញបែបនេះ គាត់ជាម្តាយ ក៏ស្ទុះចូលទៅឃាត់ ស្រាប់តែកូនប្រុសកំណាចផ្ទុះកំហឹង ក៏ទាញដែកបំពង់ទីប មកវាយសំពងគាត់ បណ្តាលឱ្យបែកមាត់បែកក្បាល រងរបួសធ្ងន់តែម្តង។ បន្ទាប់ពីវាយប្អូនស្រី និងគាត់ជាម្តាយរួចហើយ កូនប្រុសរូបនេះ ថែមទាំងបានគំរាមគាត់ទៀតថា ប្រសិនបើគាត់ហ៊ានទៅប្តឹងសមត្ថកិច្ចនោះ គេនឹងសម្លាប់គាត់ចោលមិនខាន។
ក្រោយកើតហេតុ ដោយសារតែស្ត្រីរងគ្រោះជាម្តាយ មានការភ័យខ្លាចផង ណាមួយទ្រាំនឹងទង្វើដ៏ឃោរឃៅរបស់កូនប្រុសរូបនេះលែងបានផង ទើបដាច់ចិត្តរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលប៉ុស្តិ៍ចោមចៅ២ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍៕