Friday, January 24, 2025
Homeព័ត៌មានជាតិប្តីប្រពន្ធនេសាទកណ្តាលយប់ មិនបានត្រី បែរជាជាប់សពបុរសម្នាក់

ប្តីប្រពន្ធនេសាទកណ្តាលយប់ មិនបានត្រី បែរជាជាប់សពបុរសម្នាក់

ភ្នំពេញ ៖ ប្តីប្រពន្ធពីរនាក់ បាននាំគ្នាចេញនេសាទត្រី (អូសនៀម) តាមដងទន្លេសាបទាំងកណ្តាលយប់ ស្រាប់តែមិនជាប់ត្រី បែរជាជាប់សាកសពបុរសម្នាក់ស្ថិតក្នុងសភាពហើមស្អុយ ធ្វើឱ្យ២នាក់ប្តីប្រពន្ធខាងលើ ភ័យឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមដងទន្លេសាប ចំណុចខាងជើងស្ពានព្រែកព្នៅ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

យោងតាមអត្តសញ្ញាណប័ណ្ណដែលសមត្ថកិច្ចបានរកឃើញនៅលើខ្លួនសាកសព បានបញ្ជាក់ថា សាកសពជនរងគ្រោះ មានឈ្មោះសំអាត សុចិត្រា ភេទប្រុស អាយុ១៩ឆ្នាំ មានអាសយដ្ឋានភូមិអូរដង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

តាមសម្តីស្ត្រីឈ្មោះង្វៀង ធីណើ អាយុ២៦ឆ្នាំ ជាជនជាតិវៀតណាម ប្រកបរបរនេសាទ និងជាអ្នកដែលបានប្រទះឃើញសាកសពខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងនិងប្តី ព្រមទាំងកម្មករ២នាក់ទៀត បាននាំគ្នាចេញនេសាទត្រី (អូសនៀម) នៅតាមដងទន្លេសាបខាងជើងស្ពានព្រែកព្នៅ ស្ថិតក្នុងភូមិផ្សារលិចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ទាំងយប់។ លុះពេលកំពុងតែអូសនៀម ក៏ស្រាប់តែជាប់សពបុរសម្នាក់ ធ្វើឱ្យពួកនាងមានការភ្ញាក់ផ្អើល និងភ័យស្លន់ស្លោ បន្ទាប់មកក៏អូសសពជនរងគ្រោះមកដាក់ខាង ហើយរាយការណ៍ជូនប្រធានភូមិ និងសមត្ថកិច្ចដើម្បីចុះពិនិត្យ។

ក្រោយកើតហេតុ មកដល់ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចបានចុះទៅពិនិត្យសាកសព និងបានរកឃើញអត្តសញ្ញាណប័ណ្ណ១សន្លឹក បញ្ជាក់ពីអត្តសញ្ញាណរបស់ជនរងគ្រោះខាងលើ។ យ៉ាងណា ទាក់ទិននឹងការស្លាប់របស់ជនរងគ្រោះ គេនៅមិនទាន់ដឹងមូលហេតុនៅឡើយ តែសមត្ថកិច្ចសង្ស័យថា ជនរងគ្រោះអាចលោតទឹកសម្លាប់ពីលើស្ពានព្រែកព្នៅ ហើយសពមិនអណ្តែត និងត្រូវបានជនជាតិវៀតណាម នេសាទត្រី ដោយអូសនៀមជាប់សពជនរងគ្រោះតែម្តង៕

RELATED ARTICLES