ខេត្តស្ទឹងត្រែង ៖ ការដឹកជញ្ជូនឈើប្រណិតខុសច្បាប់ពីស្រុកនានាក្នុងខេត្តស្ទឹងត្រែង ទៅកាន់ទីផ្សារក្រៅប្រទេស កំពុងតែមានសកម្មភាពខ្លាំងក្លាទ្វេឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះក្រុមឈ្មួញមិនត្រឹមតែប្រើមធ្យោបាយតាមផ្លូវគោកទេ គេថែមទាំងកំពុងដឹកជញ្ជូនតាមផ្លូវទឹក ជារៀងរាល់ថ្ងៃទៀតផង។ ជាក់ស្តែង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចជំនាញ បានស្ទាក់បង្ក្រាបក្បូនឈើមួយនៅតាមដងទន្លេសេកុង ក្បែរស្ពានសេកុង ក្រុងស្ទឹងត្រែង។
ប្រតិបត្តិការបង្ក្រាបក្បូនឈើប្រណិតខាងលើនេះ ធ្វើឡើងដោយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកវ៉ា សុផាន់ ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង សហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្ត។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងជំនាញបានទទួលព័ត៌មានមកថា មានក្បូនឈើប្រណិត កំពុងឆ្លងកាត់ដងទន្លេសេកុង ភ្លាមនោះ សមត្ថកិច្ចជំនាញ ក៏សហការគ្នាចុះអន្តរាគមន៍ដល់ទីតាំងខាងលើ រួចក៏ប្រទះឃើញថា ពិតជាមានក្បូនឈើប្រណីតបណ្តែតតាមដងទន្លេ បម្រុងនាំចេញទៅកាន់ប្រទេសវៀតណាមប្រាកដមែន។
បន្ទាប់ពីកម្លាំងសមត្ថកិច្ចបង្ក្រាបក្បួនឈើនេះរួចមក ក៏ធ្វើការអូសក្បូនឈើ ដែលគេឃើញប្រភេទឈើមូលចងក្រសោបគ្នា យកទៅទុក រក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។
សមត្ថកិច្ចបានបន្ថែមថា ចំនួនឈើពិតប្រាកដគេនៅមិនទាន់ដឹងនៅឡើយទេរង់ចាំជំនាញធ្វើការវាស់វែងនៅពេលក្រោយ៕