Friday, January 24, 2025
Homeព័ត៌មានជាតិខឹងប្រពន្ធមិនព្រមរួមរស់ជុំគ្នា ប្តីចាប់ក្មួយប្រុសបង្ខាំងគំរាមសម្លាប់

ខឹងប្រពន្ធមិនព្រមរួមរស់ជុំគ្នា ប្តីចាប់ក្មួយប្រុសបង្ខាំងគំរាមសម្លាប់

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ ព្រោះតែរស់នៅមិនចុះសម្រុងនឹងគ្នា ក៏សម្រេចចែកផ្លូវគ្នាដើររៀងខ្លួន ប៉ុន្តែបុរសជាប្តីមិនដាច់អាល័យ ក៏ចេះតែតាមអង្វរក លួងលោមប្រពន្ធ ឱ្យមករួមរស់ជុំគ្នាវិញ ប៉ុន្តែប្រពន្ធមិនព្រម ទើបធ្វើឱ្យបុរសជាប្តីបែកគំនិត ក៏ចាប់ក្មួយប្រុសសាច់ថ្លៃ មកបង្ខាំង ទុក រួចគំរាមសម្លាប់ ដើម្បីបង្ខំឱ្យប្រពន្ធព្រមមកត្រូវរ៉ូវជាមួយខ្លួនវិញ ទីបំផុត ឪពុកម្តាយក្មេងប្រុសរងគ្រោះដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រំដោះក្មេងប្រុសរងគ្រោះបានមកដោយសុវត្ថិភាព ព្រមទាំងចាប់ខ្លួនជនសង្ស័យនាំយកមកចាត់ការតាមច្បាប់។

ប្រតិបត្តិការរំដោះក្មេងប្រុសរងគ្រោះ និងចាប់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ក្រុម៣ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

ជនសង្ស័យដែលចាប់ក្មួយប្រុសបង្ខាំងទុកគំរាមសម្លាប់ ដើម្បីបង្ខំឱ្យប្រពន្ធព្រមមកជានាគ្នាវិញ ទីបំផុត ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះចាន់ ទិត្យសិទ្ធិ ហៅពេជ្រ អាយុ៣១ឆ្នាំ មុខរបរជាងជួសជុលអគ្គិសនី ស្នាក់នៅភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ចំណែកក្មេងប្រុសរងគ្រោះមានឈ្មោះពិសី បូរ៉ា អាយុ១១ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

លោកវរៈសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យខាងលើនេះ ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនក្រោយពីមានបណ្តឹងឪពុកម្តាយក្មេងរងគ្រោះ ប្តឹងចោទប្រកាន់ថា បានចាប់កូនគាត់ (ក្មេងប្រុសរងគ្រោះ) បង្ខាំងទុក និងគំរាមសម្លាប់ កាលពីវេលាម៉ោង៧និង៣០នាទីព្រលប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨។

ប្រភពដដែលបន្តថា តាមការបញ្ជាក់នៅក្នុងពាក្យបណ្តឹងរបស់ឪពុកម្តាយក្មេងប្រុសរងគ្រោះ មូលហេតុដែលជនសង្ស័យចាប់បង្ខាំង និងគំរាមសម្លាប់ក្មេងប្រុសរងគ្រោះ គឺដោយសារតែជនសង្ស័យខឹងសម្បារឿងសុំប្រពន្ធ ដែលត្រូវជាម្តាយមីងបង្កើតរបស់ក្មេងប្រុសរងគ្រោះ មកជានានឹងគ្នាវិញមិនបាន ទើបប្រើវិធីនេះ ដើម្បីគំរាមឱ្យប្រពន្ធមករួមរស់ជុំជាមួយខ្លួនវិញ។

ប្រភពខាងលើបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ម៉ូតូម៉ាកយ៉ាម៉ាហា Exciter ពណ៌ ក្រហមលាយខ្មៅ ១គ្រឿង លេខតួ 261938 ពាក់ស្លាកលេខ កំពង់ចាម 1J-5512 និងម៉ូតូម៉ាក Pulsar ពណ៌ខ្មៅ១គ្រឿង លេខម៉ាស៊ីន 4569 លេខតួ 15717 ពាក់ស្លាកលេខ ភ្នំពេញ 1-FR-2691 និងទូរស័ព្ទដៃម៉ាក Samsung ពណ៌ទឹកមាស ស៊ីមកាតលេខ 087292948។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងពាក់ពន្ធ័ករណីខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES