ភ្នំពេញ ៖ យុវជនម្នាក់ បានទៅស្នើសុំចៅសង្កាត់បញ្ជាក់លិខិតស្នាក់នៅឱ្យ តែចៅសង្កាត់មិនព្រមបញ្ជាក់ ស្រាប់តែមួម៉ៅក្តៅចិត្ត ទាញដុំថ្ម គប់ប៉ុស្តិ៍យាមតម្រួតបញ្ជាការពាររាជធានីភ្នំពេញ បណ្តាលឱ្យបែកកញ្ចក់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ចោមរោមមើលពេញដងផ្លូវ និងត្រូវសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅសាកសួរ។
ករណីយុវជនខឹងគោវ៉ៃរទេះនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍យាមតម្រួតបញ្ជាការពារតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ៤៦២ ស្ថិតក្នុងភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនសង្ស័យដែលត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួន មានឈ្មោះស្រី សានីរ៉ា អាយុ២៥ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនខាងលើ មិនដឹងជាខឹងចិត្តរឿងអ្វី ឬខឹងនឹងអ្នកណា មិនដឹង ស្រាប់តែនៅសុខៗ ក៏ទាញដុំថ្មមកគប់ប៉ុស្តិ៍យាមតម្រួតបញ្ជាការពារ ដែលស្ថិតនៅចំណុចទីតាំងកើតហេតុ បណ្តាលឱ្យបែកកញ្ចក់ខ្ចាយ ធ្វើឱ្យអ្នកដំណើរ ព្រមទាំងប្រជាពលរដ្ឋនៅក្បែរនោះ មានការភ្ញាក់ផ្អើល និងភ័យខ្លាចគ្រប់គ្នា។ ភ្លាមនោះ កម្លាំងសមត្ថកិច្ចដែលប្រចាំការ នៅក្នុងប៉ុស្តិ៍យាមខាងលើ ក៏ចេញមកអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យភ្លាមៗ។
តាមប្រភពពីតម្រួតបញ្ជាការពារ ដែលប្រចាំការនៅក្នុងប៉ុស្តិ៍យាម បានឱ្យដឹងថា ជនសង្ស័យខាងលើ គឺជាកូនប្រុសរបស់បុរសម្នាក់ ដែលធ្លាប់ជាតម្រួតបញ្ជាការពារ ឈរយាមនៅគោលខាងលើដែរ តែសព្វថ្ងៃបានចូលនិវត្តន៍ទៅហើយ។ នៅមុនពេលកើតហេតុ មិនដឹងជាជន សង្ស័យខាងលើ ដើរមកពីណា និងខឹងអ្វីនោះទេ ស្រាប់តែទាញដុំថ្មគប់កញ្ចក់ប៉ុស្តិ៍យាម បណ្តាលឱ្យបែកអស់ ធ្វើឱ្យផ្អើលដល់សមត្ថកិច្ចចុះមកសួរនាំ និងអញ្ចើញទៅប៉ុស្តិ៍ តែយុវជននេះមិនព្រមទៅតាមសម្រួល ទើបសមត្ថកិច្ចចាប់វាយខ្នោះ អូសយកទៅសួរនាំតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា មូលហេតុដែលរូបគេខឹងយកដុំថ្មគប់កញ្ចក់ប៉ុស្តិ៍យាម បណ្តាលបែកកញ្ចក់ ដោយខឹងលោកចៅសង្កាត់មិនព្រមបញ្ជាក់លិខិតស្នាក់នៅឱ្យខ្លួន ដើម្បីយកលិខិតបញ្ជាក់នេះទៅប្រើប្រាស់រកការងារធ្វើ។ ជាមួយនេះ ជនសង្ស័យខាងលើ ក៏បានសារភាពដែរថា យប់មិញ រូបគេទើបនឹងជក់គ្រឿងញៀនរួចដែរ ទើបធ្វើឱ្យឆេវឆាវបែបនេះ៕