ខេត្តតាកែវ ៖ ស្ត្រីមានប្តីម្នាក់ នៅសុខៗក៏បានបាត់ចេញពីផ្ទះដោយគ្មានដំណឹង ធ្វើឱ្យបុរសជាប្តីភ័យឆោឡោ តាមស្វែងរកសព្វកន្លែង តែមិនទទួលបានដំណឹងអ្វីសោះ មិនដឹងជាបាត់ទៅណា ជាមួយអ្នកណា ជាហេតុធ្វើឱ្យបុរសជាប្តី ដេកមិនលក់បក់មិនល្ហើយ ប្រកាសហៅប្រពន្ធឱ្យវិលត្រឡប់មកផ្ទះ រួមរស់ជុំប្តីវិញ។
ស្ត្រីជាប្រពន្ធដែលចេញពីផ្ទះចោលប្តីដោយគ្មានដំណឹងនេះ មានឈ្មោះឌុប ចាន់ធា អាយុ២២ឆ្នាំ មានលំនៅក្នុងឃុំខ្វាវ ស្រុកទ្រាំង។ ស្ត្រីរូបនេះ បានចេញបាត់ពីផ្ទះ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។
តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធគាត់ស្រលាញ់គ្នាល្អូកល្អិនណាស់ មិនដែលមានផលរមាស់ ឬរឿងរកាំរកូសអ្វីធំដុំទេ ចំណែកគាត់ជាប្តីក៏មិនធ្លាប់ប្រើសម្តីតូចធំដាក់ប្រពន្ធដែរ តែមិននឹកស្មានថា នៅសុខៗប្រពន្ធបែរជាចេញពីផ្ទះបាត់ ដោយមិនប្រាប់ដំណឹងអ្វីមួយម៉ាត់បែបនេះសោះ។
បុរសជាប្តីបន្តថា នៅមុនពេលកើតហេតុ ប្រពន្ធរបស់គាត់បានចេញពីផ្ទះ ដោយមិនបានប្រាប់ដំណឹងឱ្យសមាជិកគ្រួសារណាម្នាក់បានដឹងថា នាងចេញទៅណាមកណា ឬទៅជាមួយអ្នកណានោះទេ។ លុះដល់ល្ងាចទៅហើយនៅតែមិនទាន់ឃើញប្រពន្ធត្រឡប់មកផ្ទះវិញ ទើបគាត់ជាប្តី រួមនឹងក្រុមគ្រួសារ កើតមានការផ្អើលឆោឡោ ដើរតាមស្វែងរកសព្វកន្លែង ប៉ុន្តែមិនមានដំណឹងអ្វីសូម្បីបន្តិចសោះ មិនដឹងថាប្រពន្ធមានសុខទុក្ខយ៉ាងណាទេ។
បុរសជាប្តីខាងលើ បានបញ្ជាក់ថា ពេលនេះគាត់ជាប្តីពិតជាបារម្ភ ពីសុវត្ថិភាពប្រពន្ធខ្លាំងណាស់ ខ្លាចត្រូវមនុស្សមិនល្អបោកបញ្ឆោតនាំ យកទៅធ្វើបាប ហេតុនេះ ប្រសិនបើបងប្អូនណាប្រទះឃើញមនុស្សស្រីដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងដល់គាត់ជាប្តី តាម រយៈវិទ្យុអេប៊ីស៊ី ដែលមានលេខទូរស័ព្ទ ០៧០ ២៣ ១០ ១០ / ០១០ ២៣ ១០ ១០ និង០៨៧ ២៣ ២៣ ២៣៕