គេធ្លាប់តែឃើញលោកអែនឌី ថតសម្តែងជាមួយស្រីស្អាតៗ ដោយឈុតរោលរាលឱបថើប ស្អិតល្មូតលើគ្រែ និងអាងទឹក ដែលធ្វើឱ្យប្រុសៗទាំងឡាយច្រណែននោះ អតីតតារាចម្រៀងហង្សមាស រូបនេះជាខ្លាំង ព្រោះតែគ្មានស្រីស្អាតណាម្នាក់ អាចគេចពីកណ្តាប់ដៃលោកបានឡើយ។
ប៉ុន្តែនៅរយៈពេលចុងក្រោយនេះ លោកអែនឌី បែរជាប្តូរមកច្រៀងសម្តែង និងថត MV តែម្នាក់ឯង បែបសុភាពៗ តាមរយៈបទមរតកដើម ដូចជាបទ “ឧត្តមដួងចិត្ត” ជាដើម ដោយបោះបង់ស្ទីលរោលរាលនោះ ចោលស្ទើរតែទាំងស្រុងទៅវិញ ទើបធ្វើឱ្យតារាស្រីស្អាតៗទាំងឡាយ ដែលចង់ថតសម្តែងបង្ហាញសាច់ជាមួយលោកអែនឌី នោះ ស្រងាកចិត្ត ព្រោះថា កន្លងមកមានតារាស្រីជាច្រើនដួងមកហើយ ដែលបានល្បីឈ្មោះដោយសារតែតារាចម្រៀងរូបនេះ យកទៅឡង់សេ។
ក្នុងជំនួបកាលពីពេលថ្មីៗនេះ លោកអែនឌី បានឱ្យដឹងថា “លោកពិតជាងាកមកធ្វើបទចម្រៀងមរតកដើម Cover ឡើងវិញច្រើនមែន ព្រោះតែស្រលាញ់បទទាំងនោះខ្លាំងណាស់ ហើយចង់រំលឹកបទចម្រៀងពីដើមៗទាំងនោះ ដើម្បីឱ្យយុវវ័យបានចងចាំ។ តែការថតសិចស៊ីហាក់មិនសូវឃើញដូចមុននោះ ព្រោះថា ការផលិតបទចម្រៀង MV គឺធ្វើទៅតាមអត្ថន័យ មិនមែនចេះតែសិចស៊ីគ្រប់បទនោះឡើយ”។
តារាចម្រៀងដែលចូលចិត្តនែបនិត្យកាយាតែជាមួយស្រីស្អាតៗសាច់សខ្ចីនោះ បានឱ្យដឹងទៀតថា “លោកនឹងនៅតែបន្តថតដូចមុនៗទៀត នៅពេលដែលមានបទថ្មីៗ តែក៏មិនធ្វើឱ្យហួសហេតុ ប៉ះពាល់ដល់ប្រពៃណីខ្មែរឡើយ គឺសម្តែងក្នុងលក្ខណៈជាសិល្បៈនៃការថត MV ប៉ុណ្ណោះ”។
ថ្វីត្បិតតែលោកអែនឌី ថា មិនញញើតក្នុងការថតឈុតរោលរាលដូចមុនៗក្តី តែតាមព័ត៌មានថា ការដែលលោកអែនឌី ប្តូរចិត្តពីថតឈុតស្នេហាក្តៅសាច់ មកថតសុភាពៗតែម្នាក់ឯងនេះ ដោយសារតែមុននេះ បុរសដែលចូលចិត្តថតសិចស៊ីរូបនេះ រងការព្រមានពីមន្ត្រីក្រសួងវប្បធម៌ រឿងថតស្រើបស្រាលខ្លាំងពេកនោះ ហើយមន្ត្រីពាក់ព័ន្ធគ្រោងកោះហៅលោកអែនឌី ទៅណែនាំ ដុលក្អែលថែមទៀតផង។ ប៉ុន្តែ លោកអែនឌី ថា មិនមានការបារម្ភឡើយ ព្រោះលោកមិនបានថតរឿងសិច ហើយក៏គ្មានសុដន់យោនី និងរបស់ដែលធ្វើឱ្យតាតាស្រើបស្រាលផង បើគ្រាន់តែថតខារ៉ាអូខេនោះ លោកជឿថា មិនដល់ថ្នាក់មានទោសទណ្ឌនោះទេ ព្រោះលោកជាអ្នកសិល្បៈម្នាក់ មិនបានធ្វើឱ្យប៉ះពាល់ដល់ប្រពៃណីខ្មែរនោះទេ៕