ខេត្តត្បូងឃ្មុំ ៖ បុរសល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភនារីម្នាក់រហូតដល់បានសម្រេច រួចក៏បានរត់គេចខ្លួនអស់រយៈពេល៣ឆ្នាំ ទីបំផុតភ្លេចខ្លួនវិលចូលស្រុកកំណើតវិញ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតាមដីកា កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិ៥៤ ឃុំទួលសុភី ស្រុកអូរាំងឪ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះច្រឹក វ៉ាន់នី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិចំការគរ ឃុំចក ស្រុកអូរាំងឪ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងក្រោមកិច្ចសហការរវាងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ជាមួយកម្លាំងជំនាញនៃអធិការដ្ឋានស្រុកអូរាំងឪ ដោយអនុវត្តន៍តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៧៦៨៦ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ របស់លោកប៉ុក សុវណ្ណមុន្នី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ច្រឹក វ៉ាន់នី ដែលជាប់ចោទពីបទរំលោភសេពសន្ថវៈ ដោយមានស្ថានទម្ងន់ទោស ប្រព្រឹត្តិកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចភូមិ៥៤ ឃុំទួលសុភី ស្រុកអូរាំងឪ។
សូមបញ្ជាក់ផងដែរថា ជនសង្ស័យឈ្មោះ ច្រឹក វ៉ាន់នី នេះ តុលាការខេត្តត្បូងឃ្មុំ បានឃុំខ្លួនរយៈពេល១៨ខែ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតប្រព្រឹត្តិនៅភូមិចំការគរ ឃុំចក ស្រុកអូរាំងឪ កាលពីថ្ងៃទី១១ ខែសីហាឆ្នាំ២០១៥ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ០៤ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ របស់លោកឈិត វិនា ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នជនជាប់ចោទ ត្រូវបានសមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នឹងសមត្ថកិច្ច ជំនាញនៃអធិការដ្ឋាននគរបាលស្រុកអូរាំងឪ បាននិងកំពុងកសាងសុំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕