Friday, January 24, 2025
Homeព័ត៌មានជាតិក្រឡាប់រថយន្តសណ្តោងម៉ាស៊ីនខួង សង្កត់កម្មករម្នាក់ស្លាប់

ក្រឡាប់រថយន្តសណ្តោងម៉ាស៊ីនខួង សង្កត់កម្មករម្នាក់ស្លាប់

ខេត្តកណ្តាល ៖ រថយន្តកូរ៉េ មានសណ្តោងម៉ាស៊ីនខួងពីក្រោយមួយគ្រឿង បើកបរចុះពីលើស្ពាន ដល់ផ្លូវកោង កាច់ចង្កូតមិនទាន់ ក៏បានរេចង្កូត បណ្តាលឱ្យក្រឡាប់ម៉ាស៊ីនខួង សង្កត់ទៅលើកម្មករម្នាក់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២និង១៥នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ពានព្រែកក្តាម) ត្រើយខាងលិច ស្ថិតក្នុងភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ។

បុរសរងគ្រោះដែលបាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានឈ្មោះផឹង គៀប អាយុ៤៩ឆ្នាំ មុខរបរកម្មករ មានលំនៅក្នុងភូមិចំបក់ជ្រុំ ឃុំជ្រេស ស្រុកមេសាង ខេត្តព្រៃវែង។ ចំណែករថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3D-3474 មានសណ្តោងម៉ាស៊ីនខួងអណ្តូង ពណ៌ស បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ក្រោយកើតហេតុ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ហ៊ីយ៉ាន់ដាយ ខាងលើ ដែលមានសណ្តោងម៉ាស៊ីន ខួងអណ្តូង ផងនោះ បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច (កំពង់ចាម-ភ្នំពេញ) លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏បាន ចុះពីលើស្ពានព្រែកក្តាម មកដល់ចំណុចផ្លូវកោងចុងស្ពានត្រើយខាងលិច ក៏បានរេចង្កូតក្រឡាប់ដោយខ្លួនឯង បណ្តាលឱ្យធ្លាក់កម្មករកំពុងជិះនៅលើរថយន្តសណ្តោងម៉ាស៊ីនខួងអណ្តូង បណ្តាលសង្កត់ស្លាប់នៅនិងកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង និងអូសយករថយន្តបង្ក ព្រមទាំងកន្ទុយសណ្តោងម៉ាស៊ីនខួង យកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES