Friday, January 24, 2025
Homeព័ត៌មានជាតិប្រពន្ធរត់ចោល លត់ជង្គង់ចងកសម្លាប់ខ្លួន

ប្រពន្ធរត់ចោល លត់ជង្គង់ចងកសម្លាប់ខ្លួន

ខេត្តបាត់ដំបង ៖ បុរសម្នាក់ បន្ទាប់ពីប្រពន្ធប្រាប់ថា ចេញទៅធ្វើការនៅខេត្តព្រះសីហនុ បាត់មិនឃើញត្រឡប់មកវិញ ក៏ចេះតែផឹកស្រាស្រវឹងជាប់ជាប្រចាំ រហូតដល់លែងអាចគ្រប់គ្រងសតិស្មារតីខ្លួនឯងបាន ទីបំផុតបន្ទាប់ពីផឹកស្រវឹង ក៏រត់ទៅចងកសម្លាប់ខ្លួន ទាំងស្ថានភាពលុតជង្គង់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅក្រោមផ្ទះអ្នកភូមិ បង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិ។

ករណីបុរសប្រពន្ធរត់ចោល ចងកសម្លាប់ខ្លួននេះ បានកើតឡើង កាលពីវេលាម៉ោង៤ និង៤០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង។
បុរសរងគ្រោះដែលចងកធ្វើអត្តឃាត មានឈ្មោះមិន ញ៉ាក់ អាយុ៥០ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅភូមិឃុំកើតហេតុ។

តាមសម្តីយុវជនឈ្មោះគាន ជារឿង ហៅហើម អាយុ២៥ឆ្នាំ ត្រូវជាអ្នកជិតខាងរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះ គឺជាមនុស្សប្រមឹក តែងផឹកស្រាស្រវឹងជាប់ជាប្រចាំ ពិសេសតាំងពីប្រពន្ធចុះចោលទៅធ្វើការនៅខេត្តព្រះសីហនុបាត់ មិនឃើញត្រឡប់មកវិញ ធ្វើឱ្យជនរងគ្រោះកាន់តែផឹកស្រាខ្លាំងឡើង រហូតដល់គ្រប់គ្រងសតិស្មារតីខ្លួនឯងលែងបាន។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ខ្លួនកំពុងដេកនៅលើផ្ទះ ស្រាប់តែលឺសំឡេងជនរងគ្រោះដើរមកក្រោមផ្ទះរបស់ខ្លួន រួចហើយបានហៅខ្លួន ទើបរូបគេបានឆ្លើយប្រាប់ទៅជនរងគ្រោះវិញថា តាឯងទៅសម្រាកទៅ ភ្លាមនោះជនរងគ្រោះក៏ស្ងាត់មាត់។ លុះដល់ម៉ោងប្រមាណ៤ទៀបភ្លឺ ថ្ងៃដដែល ជនរងគ្រោះបានស្រែកហៅខ្លួនម្តងទៀត ដោយប្រាប់ថា “អាហើមកុំឱ្យប្រពន្ធហែងផឹកថ្នាំខ្មែរប្រយ័ត្នពុល…” រួចក៏ស្ងាត់មាត់ជនរងគ្រោះវិញទៅ ស្រាប់តែ៣០នាទីក្រោយមក ក៏លឺសំឡេងឆ្កែព្រុស បន្ទាប់មកនៅម៉ោង៤និង៤០នាទី យាយរបស់ខ្លួនបានចុះមកដាំទឹកថ្នាំឱ្យប្រពន្ធខ្លួន រួចក៏ស្រែកហៅខ្លួនឱ្យចុះមកមើល លុះពេលរូបគេចុះពីលើផ្ទះកាន់ពិលមើលឃើញ ជនរងគ្រោះចងកនៅក្រោមផ្ទះបាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន៕

RELATED ARTICLES