ស្រីស្អាតហេង ចន្ថា ដែលជាម្ចាស់ពាន Miss Grand Cambodia កាលពីឆ្នាំ២០១៦នោះ បានសារភាពថា ដោយសារការជឿជាក់លើថ្វីមាត់នាយពាក់មី នៅទីបំផុត នាងចាញ់បោកតារាកំប្លែង CTN នេះ ដោយផុងខ្លួនធ្វើជាស្រីស្នេហ៍លួចលាក់របស់គេ ទាំងមានវិប្បដិសារៈ។
យ៉ាងណា ការញ៉ែបានសម្រេចរបស់នាងពាក់មី ឆក់បានបេះដូងស្រីស្អាត ហេង ចន្ថា ទាំងខ្លួនឯងមានប្រពន្ធ ហើយកុហកនាងចន្ថា ថា នៅកំលោះ Original នោះ គឺមាននៅក្នុងរឿង ”ប្រម៉ាញ់ប្ដី” របស់ផលិតកម្ម LD Picture ដែលជាការនិពន្ធ និងដឹកនាំដោយនាយពាក់មី ហើយបានធ្វើពិធីសែនក្រុងពលី កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅស្នាក់ការធំរបស់ LD រាជធានីភ្នំពេញ។
ហេង ចន្ថា បានឲ្យដឹងថា “នាងយល់ព្រមថតរឿង ”តាមប្រម៉ាញ់ប្ដី” ដោយចាញ់ការលួងលោមរបស់នាយពាក់មី នេះ មកពីនាងមិនដឹងថា តារាកំប្លែងរូបនេះមានប្រពន្ធកូនទៅហើយទេ ព្រោះគេអះអាងថា នៅកំលោះ តែតាមពិតនោះ ជាការបោកបញ្ឆោតនាង ដើម្បីយកនាងធ្វើជាស្រីស្នេហ៍លួចលាក់របស់គេតែប៉ុណ្ណោះហើយទម្រាំតែដឹងខ្លួន គឺហួសពេល”។
ស្រីស្អាតសាច់សខ្ចី រូបនេះ បានឲ្យដឹងទៀតថា “នាងស្ម័គ្រចិត្តថតរឿងនេះ ព្រោះគិតថា នឹងមានយុវវ័យជាច្រើនមើលរឿងនេះជាមិនខាន ព្រោះថា សាច់រឿងល្អមានការអប់រំច្រើនណាស់ ពិសេស កុំឲ្យនារីៗទាំងឡាយឆាប់ជឿពាក្យលួងលោមរបស់ប្រុសៗ ដោយខ្វះការពិចារណា នាំឲ្យតែចុងក្រោយ ចាញ់បោកគេខូចកិត្តិយសអស់”។
នាងចន្ថា បានបន្ថែមថា “នេះគឺជាភាពយន្ដទី២ហើយ ដែលនាងបានប៉ះគ្នាជាមួយនាយពាក់មី បន្ទាប់ពីរឿង ”បណ្ដោងឆ្នាំងដី” របស់ផលិតកម្មអ្នកនាងចន ច័ន្ទលក្ខិណា “។
ថ្វីត្បិតតែនាងហេង ចន្ថា មានការសោកស្ដាយចំពោះការចាញ់បោកនាយពាក់មី រហូតដល់លង់ខ្លួនអស់អ្វីៗគ្រប់យ៉ាង ក្នុងរឿង ”ប្រម៉ាញ់ប្ដី” ក្ដី តែតាមព័ត៌មានថា ស្រីក្មេងរូបនេះនៅក្រៅឆាក មានភាពស្និទ្ធស្នាលជាមួយនាងពាក់មី ជាងនៅក្នុងរឿងទៅទៀតផង ដូចជាពួកគេជិះរថយន្ដជាមួយគ្នាតែ២នាក់ ហើយប្រលែងគ្នាដូចគូស្នេហ៍អ៊ីចឹង…។
ហេង ចន្ថា ដែលជាបរវកញ្ញាគ្រងមកុដ កាលពីឆ្នាំ២០១៦ នោះ និយាយដោយមិនបង្អង់ថា “រឿងនោះគេចេះតែនិយាយទេ តាមពិត ទំនាក់ទំនងនិងភាពស្និទ្ធស្នាលរបស់នាងជាមួយនាយពាក់មី គឺមានតែនៅពេលថតភាពយន្ដប៉ុណ្ណោះ នៅក្រៅឆាក មិនដែលជិះរថយន្ដជាមួយគ្នាតែ២នាក់ ឬទៅណាដូចគូស្នេហ៍នោះឡើយ”។
ក្រៅពីរឿង ”ប្រម៉ាញ់ប្ដី” ផលិតកម្ម LD Picture ក៏យករឿង២ទៀត មកធ្វើពីធីសែនក្រុងពលីជាមួយគ្នាដែរ គឺរឿង ”ជួបស៊យ វគ្គ២” ដែលមាននាយគ្រឿន ជាតួឯក និងរឿង ”អង្រឹង” ដែលមានតារាចម្រៀងគូមា និងនាងស្រីតូច ជាតួឯក។
លោកលៀក លីដា ថៅកែផលិតកម្ម LD Picture បានឲ្យដឹងថា “មូលហេតុដែលលោកបានយករឿងទាំង៣ មកធ្វើពិធីសែនក្រុងពលីក្នុងពេលតែមួយ ខុសពីលើកមុនៗនេះ ដោយសារតែលោកមានក្រុមការងារដល់ទៅ៣ក្រុម ហើយចេញថត៣រឿងនោះ ព្រមគ្នាតែម្ដង ទើបរួសរាន់ធ្វើពិធីរួមគ្នាបែបនេះ”។
លោកថៅកែផលិតកម្មរូបនោះ បន្ថែមថា “ទីផ្សារ LD មានការកើនឡើងសម្រាប់តម្រូវការភាពយន្ដ ហេតុនេះហើយបានជាផលិតកម្មរបស់លោក មានរឿងថ្មីៗចេញថតជាបន្ដបន្ទាប់ ហើយពេលនេះ មានអ្នកគាំទ្រកាន់តែកើនឡើងជាលំដាប់ផងដែរ”។
ជាមួយគ្នានេះដែរ LD ក៏បានផ្ដល់ឱកាសឲ្យអ្នកនិពន្ធវ័យក្មេងទាំងឡាយ ដែលចង់បញ្ចេញស្នាដៃ គឺពួកគេអាចយករឿងរបស់គេមកបាន តែត្រូវការឆ្លងកាត់ការត្រួតពិនិត្យ និងសម្រេចរបស់ក្រុមផលិតកម្មរបស់លោកសិន ទើបអាចដឹងថា អាចយកមកថតបានឬអត់នោះ?
ក្រៅពីនាងគ្រឿន , នាយពាក់មី ,គូម៉ា , ហេង ចន្ថា … ដែលសុទ្ធតែគ្រងតំណែងជាតួឯកនោះ រឿងទាំង៣ ក៏មានការចូលរួមពីតារាល្បីៗជាច្រើនដួងផ្សេងទៀតផងដែរ ដូចជា លោកទេព រិនដារ៉ូ , ងួន សុបិន្ទ, DJ កាកា, ស្វែង សុជាតា , ខ្ញុង, ឈឹម អរិយា និងឈឹម មុនីនាថ ជាដើម៕