តារាចម្រៀងងួន ចាន់ដេវីត បានប្រកាសថា រូបគេបានចាកចេញពីផលិតកម្មរស្មីហង្សមាស ទៅហើយ ដោយទៅធ្វើជាតារាចម្រៀងឯករាជ្យ ផលិតបទចម្រៀងដោយខ្លួនឯងវិញ។
ងួន ចាន់ដេវីត បានបង្ហោះថា ”ខ្ញុំបានចាកចេញដោយចំហរ អ្នកចម្រៀងឯករាជ្យ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ការងារ ឆ្ពោះទៅកាន់បទពិសោធន៍ថ្មី ដើម្បីចែករំលែកទៅកាន់អ្នកគាំទ្រជាទីស្រលាញ់ទាំងអស់គ្នា”។
តាមរយៈការដើរចេញពីហង្សមាស នេះ ត្រូវបានគេសង្ស័យថា ម្ចាស់បទ ”រាំញីកែងជើង” រូបនេះ អាចមានភាពចម្រូងចម្រាសជាមួយផលិតកម្មធំនេះជាមិនខានព្រោះរយៈពេលចុងក្រោយនេះ ដេវីត មិនសូវមានបទល្បីផ្ទុះដូចមុនៗទៀតឡើយ ពោលគឺតាំងពីមានវត្តមានរបស់កូនៗទាំង៣ របស់ព្រាប សុវត្ថិ មកធ្វើឲ្យដេវីត ស្ងប់ស្ងាត់ និងទ្រឹងមួយកន្លែង ព្រោះថាកូនៗព្រាប សុវត្ថិ អាចច្រៀងបទរ៉េប បានដូចដេវីត ដែរ។
ទោះជាយ៉ាងណា តារាចម្រៀងល្បីម្នាក់របស់ហង្សមាស បានបង្ហើបឲ្យដឹងថា បើដេវីត ចេញពីហង្សមាស ព្រោះតែស្ងាត់នោះ មិនត្រូវទេ ព្រោះថា ហង្សមាស បានបើកសិទ្ធិឲ្យរូបគេធ្វើបទភ្លេងចម្រៀងដោយខ្លួនឯងតើ! ហង្សមាស មានសមាជិកកាន់តែច្រើន ហេតុនេះហើយបទចម្រៀងត្រូវមានការបែងចែកគ្នា អីចឹងហើយមិនអាចលើកតែតារាណាម្នាក់បាននោះទេ។
មហាជនជាច្រើនបានលើកឡើងថា ការចាកចេញពីហង្សមាស របស់ងួន ចាន់ដេវីត នេះ នឹងធ្វើឲ្យគូស្នេហ៍តារាចម្រៀងរូបនេះ គឺស្រីស្អាតទេព បូព្រឹក្ស នឹងមានភាពច្របូកច្របល់ក្នុងចិត្តជាមិនខានឡើយ ហើយនាងអាចនឹងសម្រេចចិត្តក្នុងពេលឆាប់ៗនេះថា តើគួរនៅហង្សមាស តទៀត ឬក៏ចាកចេញតាមសង្សារដែរ?
ទោះជាយ៉ាងណា គេជឿថា តារាចម្រៀងគូស្នេហ៍យុវវ័យ១គូនេះ នឹងមានផលិតកម្មធំ២ រង់ចាំត្រងយកជាមិនខាន គឺថោន និងសាន់ដេ ប្រសិនបើបូព្រឹក្ស ពិតជាចង់ចាកចេញតាមម្ចាស់ស្នេហ៍ដែរនោះ៕