ខេត្តព្រៃវែង ៖ យុវជន២នាក់ បាននាំគ្នាដើរលុយទឹកតាមផ្លូវដែលត្រូវកាត់ផ្តាច់ដោយសារទឹកជំនន់ បំណងទៅលើកស្រូវពូជដាក់ទូក ស្រាប់តែអកុសល ដើរផុងជើងចូលអន្លង់ផ្លូវដាច់ បណ្តាលឱ្យលង់ទឹកស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម ចំណែកម្នាក់ទៀតត្រូវបានជួយសង្គ្រោះទាន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិពោធិ៍រៀង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង។
យុវជនរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះហៃ តារា អាយុ២៥ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ រួមនឹងយុវជនម្នាក់ទៀត បាននាំគ្នាដើរលុយទឹកតាមផ្លូវដាច់ ទៅលីស្រូវពូជដាក់លើទូកដរ នៅខាងដីព្រៃកន្លោង តាមផ្លូវចន្លោះទឹកហូរដាច់ ចម្ងាយពីការ៉ាស់សាំងតេលា ប្រហែល៣០០ម៉ែត្រ។ ស្រាប់តែអកុសល ខណៈពេលដើរទៅដល់ចំណុចកើតហេតុខាងលើ យុវជនទាំង២នាក់ ក៏ផុងជើងចូលអន្លង់ផ្លូវដាច់ បណ្តាលឱ្យលង់ទឹកទាំង២នាក់តែម្តង។
ប្រភពដដែលបន្តថា ភ្លាមៗនោះ មានប្រជាពលរដ្ឋប្រទះឃើញ ក៏ស្ទុះទៅជួយយុវជនម្នាក់បានទាន់ពេលវេលា តែអកុសល យុវជនរងគ្រោះឈ្មោះហៃ តារា បានលង់ទឹកស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋបានស្រង់សាកសពជនរងគ្រោះ ដាក់លើទូក រួចដឹកទៅប្រគល់ឱ្យក្រុមគ្រួសារ និងបានទាក់ទងសុំអន្តរាគមន៍ពីសមត្ថកិច្ចចុះមកពិនិត្យតែម្តង៕