Friday, January 24, 2025
Homeព័ត៌មានជាតិចេញប្លន់ម៉ូតូសម្រេច៣លើក អស់លក្ខណ៍ជាប់ខ្នោះ

ចេញប្លន់ម៉ូតូសម្រេច៣លើក អស់លក្ខណ៍ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យជាបក្ខពួកក្រុមចោរប្លន់ប្រដាប់អាវុធដ៏សកម្មម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខណ្ឌសែនសុខ ស្រាវជ្រាវតាមចាប់ខ្លួន និងបានបញ្ជូនទៅពន្ធនាគារព្រៃស តាមដីកាបង្គាប់របស់តុលាការ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពប្លន់ចុងក្រោយនៅសង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យជាចោរប្លន់ដែលត្រូវសមត្ថកិច្ចចាប់ខ្លួននេះ មានឈ្មោះកែវ សារិន ភេទប្រុស អាយុ២៨ឆ្នាំ គ្មានមុខរបរច្បាស់លាស់ មានលំនៅម្តុំសង្កាត់ បឹងកក់២ ខណ្ឌទួលគោក តែបានមកជួលបន្ទប់ស្នាក់នៅ តាមផ្លូវលេខ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលជាកន្លែងសមត្ថកិច្ចចុះចាប់ខ្លួន។

ប្រភពដដែលបន្តថា តាមការផ្ទៀងផ្ទាត់ភិនភាគជនសង្ស័យដោយទិន្នន័យរបស់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុចុងក្រោយ និងនៅកន្លែងកើតហេតុផ្សេងៗទៀត រួមទាំងការឆ្លើយសារភាពរបស់ជនសង្ស័យ បានឱ្យដឹងថា រូបគេ រួមនឹងបក្ខពួកបានធ្វើសកម្មភាពប្លន់យកម៉ូតូ បានសម្រេចចំនួន៣ដងមកហើយ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឱ្យដឹងថា លើកទី១ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ក្រុមរបស់គេបានធ្វើសកម្មភាពប្លន់ម៉ូតូ នៅក្នុងស្ថានីយប្រេងឥន្ធនៈតេលា នៅជាប់ផ្លូវលេខ២០១១ ភូមិគោកឃ្លាង ខណ្ឌសែនសុខ បានសម្រេច។ លើកទី២ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នៅក្រោមស្ពានអាកាសមិត្តភាពកម្ពុជា ចិន សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានសម្រេច។ និងលើកទី៣ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅផ្លូវព្រះសីហនុ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក។

លោកថាន់ ឡេង ចៅក្រមស៊ើបសួរ សាលាដំបូង បានចេញដីកាបង្គាប់អោយឃុំខ្លួនជនសង្ស័យឈ្មោះ កែវ សារិន នេះចោទពីបទកំហែង យក មានស្ថានទម្ងន់ទោស តាមដីកាលេខ ៤៩២០ ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ យោងតាមបទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោស តាម មាត្រា៣៦៣ និងមាត្រា៣៦៦ នៃក្រមព្រហ្មទណ្ឌ។

យ៉ាងណាក្តី សមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់នៅឡើយថា ម៉ូតូដែលជនសង្ស័យប្លន់បានយកទៅលក់នៅឯណាទេ ហើយក៏មិនបានប្រាប់ពីភិនភាគម៉ូតូ និងអាវុធដែលជនសង្ស័យ ប្រើប្រាស់នៅក្នុងអំពើប្លន់នោះដែរ៕

RELATED ARTICLES