ខេត្តកណ្តាល ៖ បុរសម្នាក់ ត្រូវបានអ្នកភូមិអះអាងថា គឺជាមនុស្សវិកលចរិត តែដើរទៅមក និងដេកសម្រាកតាមសំយាបផ្ទះអ្នកភូមិជារៀងរាល់ថ្ងៃ លុះក្រោយមក ក៏បាត់ខ្លួនអស់រយៈពេល២ថ្ងៃ មិនដឹងជាទៅណាមកណា ស្រាប់តែចុងក្រោយ បែរជាមានគេប្រទះឃើញសាកសព បុរសរងគ្រោះអណ្តែតនៅក្នុងទឹកបឹង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចបឹងចុងព្រែកបាឡាត់ឆឹង ស្ថិតក្នុងឃុំត្រើយស្លា ស្រុកស្អាង។
សាកសពបុរសរងគ្រោះខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាមនុស្សវិកលចរិត មានអាយុប្រមាណជាង៥០ឆ្នាំ ស្លៀកខោជើងវែងពណ៌ខ្មៅ អាវយឺតដៃវែងពណ៌ក្រហម សក់ខ្លី សម្បុរខ្មៅ កម្ពស់ប្រហែល១,៦៥ម៉ែត្រ។
តាមប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋម្នាក់ បានប្រទះឃើញសាកសពខាងលើ អណ្តែតទឹកនៅចុងព្រែកបាឡាត់ឆឹង ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ឱ្យចុះមកជួយអន្តរាគមន៍។ ហើយភ្លាម នោះកម្លាំងនគរបាលប៉ុស្តិ៍ ក៏បានចុះដល់កន្លែងហេតុ និងបានប្រទះឃើញមានសាកសពអណ្តែតទឹកប្រាកដមែន។
ក្រោយមកកម្លាំងជំនាញ ស្រុកប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិបានចុះពិនិត្យសាកសពរួចបញ្ជាក់ថា ជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ ដូច្នេះតាមការសន្និដ្ឋាន ជនរងគ្រោះ ស្លាប់ដោយសារលង់ទឹក។
តាមការបំភ្លឺរបស់ប្រជាពលរដ្ឋ ឈ្មោះឈន គោ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង បានឱ្យ ដឹងថា គាត់ធ្លាប់ឃើញជនរងគ្រោះ ដែលជាមនុស្សវិកលចរិត រត់តាមភូមិសឹងរាល់ថ្ងៃ ទើបតែមិនឃើញប្រហែល២ថ្ងៃ ស្រាប់តែឃើញស្លាប់ អណ្តែតទឹកទៅវិញ ។
ក្រោយពិនិត្យរួច កម្លាំងនគរបាលប៉ុស្តិ៍ និងជំនាញស្រុកបានកប់សាកសពនៅចុងព្រែកបាឡាត់ឆឹង រង់ចាំស្រាវជ្រាវរកក្រុមគ្រួសារ មកបញ្ជាក់អត្តសញ្ញាណ និងទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕