Thursday, January 23, 2025
Homeព័ត៌មានជាតិប្រពន្ធ២នាក់រត់ចោល កាន់ពូថៅអុកឡុកពេញភូមិ

ប្រពន្ធ២នាក់រត់ចោល កាន់ពូថៅអុកឡុកពេញភូមិ

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ ធ្លាប់មានប្រពន្ធដល់ទៅ២នាក់ ប៉ុន្តែដោយសារចូលចិត្តផឹកស្រាស្រវឹង រហូតកើតមានជំងឺសរសៃប្រសាទ ចេះតែមានចរិតឆេវឆាវខ្លាំងពេក ទើបមិនមានប្រពន្ធណាទ្រាំរស់នៅជាមួយបាន ក៏រត់ចោលអស់ទាំង២នាក់ សូម្បីតែកូនស្រី ក៏មិនហ៊ាននៅជាមួយដែរ លុះក្រោយពីជំងឺធ្វើទុក្ខ ក៏កាន់ពូថៅ ដើរគ្រវីគ្រវាត់ពេញភូមិ ធ្វើឱ្យអ្នកភូមិមានការភ័យខ្លាច ប្តឹងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ចាប់ចងដៃជើងជាប់។

ករណីបុរសម្នាក់កាន់ពូថៅអុកឡុកពេញភូមិខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចហាងលក់បាយមួយកន្លែងយីហោ “ស៊្រុន ប៊ុនហឿន” ស្ថិតក្នុងភូមិបេង ឃុំដារ ស្រុកមេមត់។

បុរសដែលបង្កការអុកឡុកពេញភូមិ រហូតត្រូវបានសមត្ថកិច្ចចាប់ចងដៃជើងនេះ មានឈ្មោះ ផន លី អាយុ៤៨ឆ្នាំ មានលំនៅក្នុង ភូមិក្តុល ឃុំទន្លូង ស្រុកមេមត់។

តាមសម្តីបុរសឈ្មោះហ៊ាន ប៊ុនហេង អាយុ៣៣ឆ្នាំ ត្រូវជាក្មួយប្រុសរបស់បុរសខាងលើ បានរៀបរាប់ប្រាប់ថា ជនបង្កខាងលើ ត្រូវជាឪពុកមារបស់គាត់ ហើយកាលពីមុន ពូម្នាក់នេះធ្លាប់មានប្រពន្ធដល់ទៅ២នាក់ ប៉ុន្តែដោយសារគាត់ជាមនុស្សចូលចិត្តផឹកស្រាខ្លាំងពេក ធ្វើឱ្យកើតមានជំងឺសរសៃប្រសាទ ណាមួយគាត់មានចរិតឆេវឆាវកោងកាចខ្លាំងផង ទើបប្រពន្ធទ្រាំរស់នៅជាមួយមិនបានក៏នាំគ្នារត់ចោលអស់ ហើយសូម្បីតែកូនស្រីម្នាក់របស់គាត់ក៏មិនហ៊ានរស់នៅជាមួយដែរ។ រាល់ថ្ងៃពូម្នាក់នេះរស់នៅភូមិក្តុល ឃុំទន្លូង ស្រុកមេមត់ នៅជាមួយនឹងតាយាយ ចំណែកសមាជិកក្រុមគ្រួសារផ្សេងទៀត មិនមានអ្នកណារស់នៅកើតទេ ដោយសារតែពូកើតរោគសរសៃប្រសាទនេះ ឧស្សាហ៏ធ្វើទុក្ខរករឿងខ្លាំងពេក។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ពូរបស់គាត់បានមកលេងផ្ទះគាត់នៅភូមិបេង ចំនួន៣ថ្ងៃមកហើយ លុះមកដល់ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ស្រាប់តែជំងឺសរសៃប្រសាទបានធ្វើទុក្ខ ក៏កាន់កូនពូថៅនៅក្នុងដៃ រួចដើរទៅដើរមក ចេញចូល និងបានគ្រវី ព្រមទាំងបានចោលទៅក្នុងហាងខាងលើ ធ្វើឱ្យសមាជិកក្រុមគ្រួសារ និងភ្ញៀវនាំគ្នារត់ឡើងប្រសាចចេញមកក្រៅរកកន្លែងសុវត្ថិភាពរៀងៗខ្លួន។

ក្រោយកើតហេតុ ដោយសារតែឃើញសភាពមិនស្រួលបែបនេះ ទើបម្តាយរបស់គាត់ ឈ្មោះផន ស៊ុន អាយុជាង៥០ឆ្នាំ បានរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំដារ ឱ្យចុះមកជួយអន្តរាគន៏ និងបានចាប់ពូចងទាំងដៃជើងជាប់ការពារមិនឱ្យបង្កគ្រោះថ្នាក់ដល់អ្នកភូមិ។ តែដោយមានការស្នើសុំពីសមាជិកក្រុមគ្រួសារ បានសុខចិត្តយកពូឈ្មោះលី ទៅដាក់នៅមណ្ឌលឱកាសខ្ញុំនៅរាជធានីភ្នំពេញ ព្រោះថា កន្លងមកពេលដែលពូគាត់កើតរោគសរសៃប្រសាទធ្វើទុក្ខបែបនេះ បានយកនៅដាក់នៅមណ្ឌលនោះដោយបានជាស្រួលបួល និងបានវិលត្រឡប់មកផ្ទះនៅស្រុកមេមត់ វិញបាន៣ឆ្នាំ។ ប៉ុន្តែដោយសារតែពូមិនបានតមស្រា គិតតែផឹកញឹកញាប់ពេកនោះ ទើបធ្វើឱ្យជម្ងឺសរសៃប្រសាទរបសគាត់ បានរើឡើង ដូចមានអាការខាងលើកាន់ពូថៅដេញគេឯងតែសំណាងបានសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ទាន់ពេលវេលា៕

RELATED ARTICLES