ខេត្តកំពង់ធំ ៖ បុរសម្នាក់ ចូលចិត្តដើរលេងផឹកស៊ីជាមួយមិត្តភក្តិ រហូតដល់យប់ជ្រៅទើបត្រឡប់មកផ្ទះវិញ លុះម្តាយទ្រាំមិនបាន ក៏ស្តីបន្ទោសកូនប្រុស២-៣ម៉ាត់ ស្រាប់តែកូនប្រុសតូចចិត្ត ក៏ទាញម៉ូតូជិះចេញបាត់ពីផ្ទះ១យប់ លុះស្អែកឡើងម្តាយតាមរក ក៏ប្រទះឃើញកូនប្រុស ចងកស្លាប់នៅក្នុងចម្ការស្វាយចន្ទីបាត់ទៅហើយ។
ករណីកូនប្រុសតូចចិត្តម្តាយស្តីបន្ទោស បែរជាមានគំនិតខ្លីចងកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិសំរោង ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្គ។
បុរសចិត្តខ្លាំងគំនិតខ្លី គ្រាន់តែម្តាយស្តីបន្ទោសតិចតួច បែរជាជ្រើសយកផ្លូវចងកសម្លាប់ខ្លួននេះ មានឈ្មោះទីម សារូ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីឈ្មោះស៊ឹម ជីម អាយុ៥០ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ គឺជាមនុស្សចូលចិត្តដើរហើរ ផឹកស៊ីជាមួយមិត្តភក្តិខ្លាំងណាស់ ហើយគាត់ជាម្តាយតែងហាមប្រាមជារឿយៗដែរ តែកូនប្រុសមិនសូវស្តាប់នៅតែបន្តដើរផឹកស៊ី ដល់កប់ព្រលប់ទើបត្រឡប់មកផ្ទះវិញ។
ស្ត្រីជាម្តាយជនរងគ្រោះ បន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ កូនប្រុសរបស់គាត់បានជិះម៉ូតូត្រឡប់មកពីផឹកស៊ីវិញ ឃើញបែបនេះ គាត់ក៏បាននិយាយស្តីបន្ទោសឱ្យថា កូនឯងកុំដើរលេងយប់ជ្រៅៗពេកប្រយ័ត្នមានរឿងរ៉ាវ ស្រាប់តែកូនប្រុសបែរជាខឹងសម្បា ទាញម៉ូតូជិះចេញពីផ្ទះបាត់ពេញ១យប់ ដោយមិនត្រឡប់មកដេកផ្ទះវិញទេ។
ស្ត្រីជាម្តាយ បានឱ្យដឹងទៀតថា រហូតមកដល់វេលាព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ក៏មិនទាន់ឃើញកូនប្រុសត្រឡប់មកផ្ទះវិញទៀត ប៉ុន្តែគាត់ក៏មិនបានចាប់អារម្មណ៍តាមរកកូនប្រុសដែរ ព្រោះកូនប្រុសឧស្សាហ៍ដើរលេងដាច់យប់បែបនេះណាស់។ លុះមកដល់ម៉ោង៤និង៣០នាទីរសៀលថ្ងៃដដែល គាត់ក៏បានដឹកយកថ្មទៅចាក់ទុកនៅដីចម្ការស្វាយចន្ទីខាងលិចវត្តសំរោងចំងាយ១០០ម៉ែត្រ ស្រាប់តែពេលទៅដល់ ក៏ប្រទះឃើញម៉ូតូរបស់កូនប្រុសគាត់នៅក្រោមដើមស្វាយចន្ទី ទើបគាត់បានដើររកៅមើល ក៏ស្រាប់តែឃើញកូនប្រុសចងកស្លាប់បាត់ទៅហើយ មិនដឹងស្លាប់តាំងពីថ្មើណាទេ៕