Thursday, January 23, 2025
Homeព័ត៌មានជាតិចៅអធិការវត្តទេពធីតារាម សុគតក្នុងកុដិ គ្មានអ្នកដឹង!

ចៅអធិការវត្តទេពធីតារាម សុគតក្នុងកុដិ គ្មានអ្នកដឹង!

ខេត្តកំពង់ឆ្នាំង ៖ ព្រះចៅអធិការវត្តមួយព្រះអង្គ កំពុងសឹងក្នុងកុដិតែមួយអង្គឯង ក៏ស្រាប់តែកើតមានអាការៈគាំងបេះដូង បណ្តាលឱ្យសុគតយ៉ាងអាណោចអាធ័ម ដោយគ្មានញាតិញោម ពុទ្ធបរិស័ទ្ធណាបានដឹងឡើយ រហូតទាល់តែស្អែកឡើង ចាស់ៗក្នុងវត្តរៀបចំចង្ហាន់ព្រឹក និងថ្ងៃ ត្រង់ប្រគេន ប៉ុន្តែមិនឃើញព្រះអង្គនិមន្តចេញមកសោយ ទើបនឹកឆ្ងល់ ក៏ចូលទៅមើល ទើបដឹងថា ព្រះអង្គបានសុគតបាត់ទៅហើយ មិនដឹងសុគត តាំងពីថ្មើណា។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចបរិវេណវត្តទេពធីតារាម ហៅវត្តយាយទេព មានទីតាំងស្ថិតនៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

ព្រះសង្ឃរងគ្រោះដែលសុគតខាងលើ មានព្រះនាម ព្រហ្ម នរៈសិដ្ឋ ព្រះជន្ម៤១ព្រះវស្សា ជាព្រះគ្រូចៅអធិការវត្តទេពធិតារាម ហៅវត្តយាយទេព និងជាព្រះវិន័យធរក្រុងកំពង់ឆ្នាំង។

លោកវរៈសេនីយ៍ទោ ម៉ា យន្ត អធិការរងនគរបាលក្រុងកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីសមត្ថកិច្ចជំនាញចុះធ្វើកោសល្យវិច័យរួចរាល់ បានបញ្ជាក់ថា ព្រះអង្គបានសុគតដោយរោគគាំងបេះដូង តាំងពីពាក់កណ្តាលយប់មកគ្មានអ្នកណាដឹងឡើយ។

លោកអធិការរងបញ្ជាក់ថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ព្រះអង្គទើបនឹងនិមន្តមកពីព្យាបាលជំងឺស្ពៀតសរសៃបេះដូងនៅភ្នំពេញ លុះដល់វេលាម៉ោង ៨-៩យប់ ព្រះអង្គក៏និមន្តចូលសឹងនៅក្នុងកុដិតែមួយអង្គឯងទៅ។ លុះព្រឹកឡើងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ចាស់ៗនៅក្នុងវត្ត បានរៀបចង្ហាន់ប្រគេនព្រះអង្គឆាន់ដូចធម្មតា ដោយរៀបចំទុកនៅមុខកុដិ ប៉ុន្តែមិនឃើញព្រះអង្គនិមន្តចេញមកឆាន់ឡើយ។ លុះដល់ពេលថ្ងៃត្រង់ ចាស់ៗក៏បានរៀបចង្ហាន់ប្រគេនព្រះអង្គទៀត ប៉ុន្តែនៅតែមិនឃើញព្រះអង្គនិមន្តចេញមកឆាន់ដដែល ទើបដល់ម៉ោងប្រមាណ៤រសៀលថ្ងៃដដែល ចាស់ៗនាំគ្នាគាស់ទ្វារកុដិមើល ទើបដឹងថា ព្រះអង្គបានសុគតបាត់ទៅហើយ។

លោកយាយ សោម វណ្ណា អាយុ៧០ឆ្នាំ ជាញោម (ម្តាយបង្កើត) ព្រះគូចៅអធិការ បានរៀបរាប់ប្រាប់ថា ព្រះគូច្រៅអធិការដែលសុគត គឺជាកូនទី៣ (កូនពៅ) នៅក្នុងគ្រួសារ ដែលមានទីលំនៅក្នុងភូមិថ្លាន់ សង្កាត់ស្នោរ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។  ព្រះអង្គបានបួសតាំងពីព្រះជន្ម១៣ឆ្នាំមកម៉្លេះ នៅក្នុងវត្តពោធិវង្ស នៅក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ រហូតមកដល់ពេលនេះ ព្រះអង្គបានបួសចំនួន២៨ វស្សាហើយ។

ដោយឡែក លោកតាសៀង អ៊ីម ប្រធានគណៈកម្មការវត្តយាយទេព បានបញ្ជាក់ប្រាប់ថា ព្រះអង្គព្រហ្ម នរៈសិដ្ឋ ជាព្រះគ្រូចៅអធិការវត្ត បានគង្គនៅក្នុងវត្តយាយទេពចំនួន១០ឆ្នាំមកហើយ និងបានឡើងធ្វើជាព្រះគ្រូចៅអធិការវត្តយាយទេពរយៈពេល៥ឆ្នាំហើយ។ ចំណែកសពព្រះអង្គ និងតម្តល់ធ្វើបុណ្យក្នុងវត្តយាយទេព រយៈពេលពី៣ទៅ៧ថ្ងៃ ប្រសិនបើមានការគាំទ្រពីពុទ្ធបរិស័ទ មន្ត្រីរាជការ ទើបធ្វើពិធីបូជាព្រះសពនៅក្នុងវត្តយាយទេពនេះតែម្តង៕

RELATED ARTICLES