ខេត្តកណ្តាល ៖ កូនស្រីចិត្តកំណាចម្នាក់ ដែលគ្រាន់តែខឹងរឿងបាត់លុយចំនួន៣ពាន់រៀល ចោទថាឪពុកបង្កើតខ្លួនជាអ្នកយក ក៏ទាញកាំបិតផ្គាក់ កាប់ប្រហារឪពុកចំកញ្ចឹងកពីក្រោយ បណ្តាលឱ្យធ្លាក់ពីលើគ្រែស្លាប់ក្នុងថ្លុកឈាម កាលពីរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨កន្លង ទៅនៅចំណុចភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯម នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ត្រូវបានតុលាការសម្រេចប្រកាសសាលក្រម ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១២ឆ្នាំ។
សវនាការលើសំណុំរឿងកូនស្រីកាប់សម្លាប់ឪពុកបង្កើតនេះ ដឹកនាំដោយលោកផូង វណ្ណ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកគឹម ម៉េង លោកអ៊ីសុវណ្ណ ជាចៅក្រមប្រឹក្សា និងលោកសេង រិទ្ធី ជាតំណាងអយ្យការ។
ជនជាប់ចោទដែលកាប់ឪពុកស្លាប់ មានឈ្មោះឃុត ចន្នី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរកសិករ មានលំនៅភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯម ត្រូវបានលោកគឹម រ័ត្នណារិន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល កាលពីរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ បានសម្រេច ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមបទចោទ “ឃាតកម្ម” ទៅលើឪពុកបង្កើតរបស់ខ្លួន ឈ្មោះឯម សារឿន អាយុ៦៦ឆ្នាំ ប្រព្រឹត្ត នៅភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ មានករណីឃាតកម្មដ៏ឃោរឃៅមួយ បានកើតឡើងនៅចំណុចភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯម ដោយស្ត្រីម្នាក់បានបាត់លុយចំនួន៣០០០រៀល ក៏គិតថាឪពុកបង្កើតរបស់ខ្លួន ជាអ្នកយក លុះឃើញឪពុកកំពុងអង្គុយនៅលើគ្រែ ក៏ស្រាប់តែផ្ទុះកំហឹងទាញកាំបិតផ្គាក់កាប់ប្រហារឪពុកចំកញ្ចឹងកពីក្រោយ បណ្តាលឱ្យធ្លាក់ពីលើគ្រែស្លាប់ក្នុងថ្លុកឈាមគួរឱ្យរន្ធត់។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ស្ត្រី សង្ស័យទើបនឹងត្រឡប់មកពីលក់ឆៃថាវ លុះមកដល់ផ្ទះបានរាប់លុយឃើញ៧ម៉ឺនរៀល ហើយក៏រៀបទុកនៅក្នុងកាបូបស្ពាយ។ បន្ទាប់មកស្ត្រី សង្ស័យក៏បានដេកលើអង្រឹងប្រឡែងលេងជាមួយកូនឆ្កែ ដោយស្ពាយកាបូបលុយ ជាប់នឹងខ្លួន។
ប្រភពដដែលបន្តថា លុះមួយស្របក់ក្រោយមក ស្ត្រីសង្ស័យក៏មានអារម្មណ៍ថា ដូចជាបាត់លុយ ទើបបើកកាបូបយកលុយមករាប់ម្តងទៀត ស្រាប់តែឃើញថា លុយរបស់ខ្លួនបានបាត់ចំនួន៣០០០រៀល ទើបធ្វើឱ្យកើតមានកំហឹងនៅក្នុងខ្លួនយ៉ាងខ្លាំង ព្រមទាំងគីតក្នុងចិត្តថា មានតែ ឪពុកទេដែលជាអ្នកយក។ ភ្លាមនោះ បុរសរងគ្រោះជាឪពុក ទើបនឹងត្រឡប់មកពីកាត់សក់វិញ ក៏ឡើងទៅអង្គុយលើគ្រែ ហើយសម្លឹងមកកូនស្រី ស្រាប់តែរំពេចនោះ ស្ត្រីសង្ស័យជាកូនស្រីឈ្មោះឃុត ចន្នី បានទាញយកកាំបិតផ្គាក់ ដែលដាក់ទុកនៅលើគ្រែ ស្ទុះទៅកាប់ប្រហារឪពុកបង្កើតរបស់ខ្លួន ត្រូវចំកញ្ចឹងកពីក្រោយបណ្តាលឱ្យជនរងគ្រោះធ្លាក់ពីលើគ្រែ ស្លាប់ក្នុងថ្លុកឈាមគួរឱ្យសង្វេគតែម្តង៕