Thursday, January 23, 2025
Homeព័ត៌មានជាតិចោទថាចេះអាបធ្មប់ ធ្វើអំពើដាក់គាត់ កាប់៣កាំបិតប្រកាច់ស្លាប់

ចោទថាចេះអាបធ្មប់ ធ្វើអំពើដាក់គាត់ កាប់៣កាំបិតប្រកាច់ស្លាប់

ខេត្តកំពង់ស្ពឺ ៖ ប្តីប្រពន្ធវ័យចំណាស់២នាក់ បានក្រោកពីដំណេកតាំងពីព្រឹកព្រលឹម ដើម្បីរៀបចំដាក់ដាំបាយវេចទុកចេញទៅធ្វើស្រែចម្ការ លុះខណៈដែលប្រពន្ធកំពុងបង្កាត់ភ្លើងដាំបាយ បុរសជាប្តីក៏បានដើរទៅលុបមុខក្បែរពាងទឹក  ស្រាប់តែត្រូវជនដៃដល់ម្នាក់ បានលបកាប់ពីក្រោយចំនួន៣កាំបិត ចំកញ្ចឹងក បណ្តាលឱ្យប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែងគួរឱ្យសង្វេគ លុះសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ជនជាឃាតករបានឆ្លើយថា ដោយសារជនរងគ្រោះចេះអំពើអាបធ្មប់ ធ្វើឱ្យខ្លួនឈឺប៊ិះស្លាប់។

ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្បែរពាងទឹកផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិបឹងព្រីង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

បុរសរងគ្រោះដែលត្រូវឃាតករកាប់សម្លាប់ ដោយចោទថាចេះអំពើអាបធ្មប់ មានឈ្មោះហែម យឹម អាយុ៦៦ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះសន សុត អាយុ៥៦ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនដៃដល់ជាឃាតករ មានឈ្មោះចិន ជុន អាយុ៥៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ គាត់និងប្តី បានក្រោកពីដំណេក រួចក៏នាំគ្នាចុះពីលើផ្ទះ មករៀបចំដាក់ដាំបាយ ដើម្បីវេចយកទៅធ្វើស្រែចម្ការ។ លុះចុះមកដល់ក្រោម គាត់ក៏បានចូលទៅក្នុងផ្ទះបាយបង្កាត់ភ្លើងដាំបាយ ចំណែកប្តីបានដើរទៅឈរលុបមុខ នៅក្បែរពាងទឹកជាប់នឹងសំយ៉ាបផ្ទះ។ ភ្លាមនោះ គាត់ក៏បានលឺសូរសំឡេងកាប់ប្រហារ ទើបគាត់ប្រញាប់ស្ទុះចេញទៅមើល ស្រាប់តែប្រទះឃើញប្តីរបស់គាត់ ដេកដួលស្លាប់ក្នុងថ្លុកឈាម ក្បែរពាង ទឹកបាត់ទៅហើយ ចំណែកជនដៃដល់ បានរត់សំដៅទៅទិសខាងត្បូង ចូលព្រៃខាងក្រោយផ្ទះរបស់គាត់បាត់ស្រមោល។

បន្ទាប់ពីប្រទះឃើញជនដៃដល់កាប់ប្តីស្លាប់បែបនេះ ស្ត្រីជាប្រពន្ធជនរងគ្រោះ បានស្រែកឆោឡោ ហៅអ្នកភូមិឱ្យជួយ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ ឡោមព័ទ្ធតាមចាប់ខ្លួនជនសង្ស័យ ទីបំផុតក៏តាមរកឃើញជនដៃដល់ដែលកំពុងលាក់ខ្លួននៅក្នុងព្រៃ និងត្រូវបានសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅកាន់អធិការរដ្ឋាននគបាលស្រុកភ្នំស្រួច ដើម្បីធ្វើការសួរនាំតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ជាឃាតករ បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ប្រហារជនរងគ្រោះប្រាកដមែន មូលហេតុដោយសារតែ ជនរងគ្រោះចេះអំពើអាបធ្មប់ និងបានធ្វើមកលើខ្លួន បណ្តាលឱ្យឈឺប៊ិះស្លាប់ ទើបខ្លួនខឹងក៏មកកាប់សម្លាប់ដើម្បីសងសឹកបែបនេះ តែម្តង។

ជនដៃដល់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES