ខេត្ដបន្ទាយមានជ័យ៖ បុរសម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាចៅក្រមសាលាដំបូងខេត្ដបន្ទាយមានជ័យ បានបើករថយន្ដចេញពីហាងផឹកស៊ី ទាំងស្ថានភាពស្រវឹងខ្លាំង បណ្ដាលឲ្យរេចង្កូតទៅបុករង្វង់មូល មុខសាលាខេត្ដ យ៉ាងពេញទំហឹងបណ្ដាលឲ្យខ្ទេចរថយន្ដមួយកំណាត់មុខទាំងស្រុង ចំណែកអ្នកបើកបររថយន្ដ រងរបួសធ្ងន់ ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២៥នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចរង្វង់មូលមុខ សាលាខេត្ត ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមនជ័យ ។
ប្រភពព័ត៌មានពីនគរបាលម្នាក់ បានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះ មានឈ្មោះ ជួន វណ្ណៈ ជាចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីសាក្សីឃើញហេតុការណ៍នេះ បាននិយាយប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺមានរថយន្ដ ម៉ាកឡិចស៊ីស៣៣០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE ០០៨៩ បើកបរយ៉ាងលឿន ក្នុងទិសដៅពីកើតទៅ លិច លុះមកដល់ចំនុចកើតហេតុ ស្រាប់តែរថយន្តនោះបានបួងចង្កូតបុកជាមួយរង្វង់មូលពេញទំហឹង លាន់ស្នូរដូចជារន្ទះបាញ់ បង្កជាការភ្ញាក់ដល់បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះ រត់មកជួយទាញជនរងគ្រោះ ចេញពីរថយន្ដ រួចដឹកបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យឯកជន ទេវិន្ទ ។ តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក ទើបសម្រេចដឹកបញ្ជូនទៅសង្រ្គោះនៅប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតទាំងយប់តែម្ដង ។
ក្រោយពីត្រួតពិនិត្យនិងវាស់វែងទៅតាមបច្ចេករួចរាល់ រថយន្តដែលរងការខូចខាត ត្រូវបានស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ដផងដែរ ៕
ចាន់ សុខលន់