ខេត្តតាកែវ ៖ បុរសចំណាស់ម្នាក់ មិនត្រឹមតែមានសុខភាពទ្រុឌទ្រោមប៉ុណ្ណោះទេ ថែមទាំងមានជំងឺវង្វេងវង្វាន់ស្មារតីទៀតផង ត្រូវកូនចៅតាមមើលថែ បម្រើគ្រប់ពេលវេលា តែទីបំផុត ក្រោយពីក្រុមគ្រួសារភ្លេចខ្លួនបន្តិច ស្រាប់តែបុរសខាងលើ បានដើរចេញពីផ្ទះ ហើយលង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម ត្រូវកូនចៅប្រទះឃើញសព បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
ជនរងគ្រោះដែលកើតមានជំងឺវង្វេងស្មារតី ហើយលង់ទឹកប្រឡាយស្លាប់នេះ មានឈ្មោះ ឃូ ឈុនហេង ហៅអាត់ ភេទប្រុស អាយុ៨៤ឆ្នាំ ជាមនុស្សចាស់ជរា មានលំនៅភូមិបឹង ឃុំជំនេះពេរ ស្រុកសំរោង ខេត្តតាកែវ បានវង្វេងដើរចេញបាត់ពីផ្ទះ កូនចៅមិនបានដឹងក៏នាំគ្នាដើររក។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ទាំងក្តុកក្តួលថា កាលពីមុន ជនរងគ្រោះមានសុខភាពរឹងមាំល្អណាស់ មិនដែលឈឺថ្កាត់យប់ព្រលប់នាំឱ្យកូនចៅពិបាកចិត្តឡើយ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែជនរងគ្រោះមានវ័យចាស់ជរាខ្លាំង ទើបកើតមានជំងឺរួមរឹតរាងកាយជាច្រើនប្រភេទ ធ្វើឱ្យរាងកាយចុះខ្សោយទ្រុឌទ្រោមជាលំដាប់ ហើយថែមទាំងមានជំងឺវង្វេងវង្វាន់ស្មារតីទៀតផង តម្រូវឱ្យកូនចៅតាមមើលថែគ្រប់ពេលវេលាមិនឱ្យឃ្លាតឆ្ងាយពីភ្នែកឡើយ។ តែដឹងអី! គ្រាន់តែកូនចៅភ្លេចខ្លួនតែបន្តិច ស្រាប់តែជនរងគ្រោះបានដើរចេញពីផ្ទះបាត់ស្រមោល មិនដឹងជាទៅទីណា ធ្វើឱ្យក្រុមគ្រួសារនាំគ្នាចែកផ្លូវ រកជនរងគ្រោះសព្វទីកន្លែង ហើយចុងក្រោយក៏ប្រទះឃើញជនរងគ្រោះលង់ទឹកប្រឡាយ នៅខាងក្រោយផ្ទះ ស្លាប់យ៉ាងអាណោចអាធ័មបាត់ទៅហើយ ក៏បង្កឱ្យមានការភ្ញាក់ផ្អើលឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍តែម្តង។
ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ច ក៏បានចុះទៅពិនិត្យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកពិតមែន។ សមត្ថកិច្ចក៏បានប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕