ខេត្តកណ្តាល ៖ បុរសម្នាក់ បានសម្ងំជក់ថ្នាំញៀននៅក្នុងបន្ទប់តែម្នាក់ឯង លុះគ្រាន់តែស្ត្រីជាប្រពន្ធបើកទ្វារចូលទៅឃើញ មិនទាន់បាននិយាយស្តី ឬបន្ទោសអ្វីផង ស្រាប់តែប្តីកំណាចបែរជាច្រឡោតខឹង ចោទថាប្រពន្ធមករំខានសេចក្តីសុខរបស់ខ្លួន ក៏ស្ទុះទាញកាំបិតដេញកាប់ទាំងកំរោល ជាហេតុធ្វើឱ្យប្រពន្ធភ័យរត់គេចទៅសុំផ្ទះអ្នកជិតខាងដេក១យប់ លុះស្អែកឡើងក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ចាប់ខ្លួនប្តីកំណាច យកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង។
ស្ត្រីរងគ្រោះដែលត្រូវប្តីកំណាចតាមរកមុខ កាប់សម្លាប់ចោល មានឈ្មោះ ដាន់ ភុំ អាយុ៥៣ឆ្នាំ មុខរបរកសិករ។ ចំណែកបុរសជាប្តីកំណាច មានឈ្មោះ រស់ តឿ អាយុ៤៤ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ដោយឡែកវត្ថុតាង ដែលសមត្ថកិច្ចចាប់ដកហូតបាន រួមមាន កាំបិតផ្គាក់ចំនួន១ មានផ្លែដែកប្រវែង៣៥សង់ទីម៉ែត្រ ដងឫស្សីប្រវែង៥០សង់ទីម៉ែត្រ។
តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ គាត់បានមើលទូរទស្សន៍ ចំណែកប្តីនៅសម្ងំក្នុងបន្ទប់ លុះមើលទូរទស្សន៍រួច គាត់ក៏បានដើរទៅបន្ទប់ដេកវិញ លុះគ្រាន់តែបើកទ្វារចូល ទៅក៏ឃើញប្តីកំពុងតែជក់ថ្នាំញៀន ភ្លាមនោះ នាងមិនទាន់បាននិយាយអ្វី ឬស្តីបន្ទោសអ្វីឱ្យប្តីផង ស្រាប់តែប្តីកំណាចបែរជាផ្ទុះកំហឹង ចោទប្រកាន់ ថាគាត់មករំខានសេចក្តីសុខប្តី ក៏ស្ទុះទៅទាញកាំបិតផ្គាក់ ដេញកាប់គាត់ទាំងកំរោល ធ្វើឱ្យគាត់មានការភ័យខ្លាច ក៏រត់ចេញពីផ្ទះ ទៅសុំផ្ទះឈ្មោះ ឡន ជាអ្នកជិតខាង ដេកពេញមួយយប់។
ស្ត្រីរងគ្រោះ បន្តថា លុះដល់ព្រឹកឡើងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ គាត់ក៏បានធ្វើដំណើរទៅផ្ទះប្អូន នៅភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ហើយបាននិយាយដំណើររឿងដែលកើតមានឡើង។ ចំណែកប្តីវិញ នៅមិនទាន់រំសាយកំហឹងនៅឡើយ ដោយបន្តតាមរក មុខគាត់ និងមានកាំបិតផ្គាក់ជាប់នៅតាមខ្លួនទៀតផង ហើយថែមទាំងបានបោះពាក្យសម្តីថា បើរកគាត់ជាប្រពន្ធឃើញនៅកន្លែងណា នឹងកាប់ចោលនៅកន្លែងនោះ ជាហេតុធ្វើឱ្យគាត់មានការព្រួយបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំង។
ក្រោយកើតហេតុ មកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះជាប្រពន្ធក៏សម្រេចទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលបឹងខ្យាង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យជាប្តី នាំយកមកសាកសួរ នៅអធិការដ្ឋាន នគរបាលស្រុកកណ្តាលស្ទឹង ដើម្បីចាត់ការបន្តតាមនីតិវិធី៕