ខេត្តបន្ទាយមានជ័យ ៖ យុវតីរូបស្រស់ម្នាក់ បានសុំជីតារបស់ខ្លួនចេញទៅដើរលេងជាក្រុម ជាមួយនឹងក្រុមកាយរឹទ្ធិរបស់នាង រួចក៏ស្រាប់តែបាត់ខ្លួនអស់រយៈពេលជិត១០ថ្ងៃមិនឃើញត្រឡប់មកផ្ទះវិញសោះ ទោះជាជីតាតាមស្វែងរកសព្វកន្លែងយ៉ាងណាក៏មិនឃើញ ទើបជីតាសម្រេចកាន់រូបថតប្រកាសតាមរកចៅស្រីឱ្យវិលត្រឡប់មកផ្ទះវិញ។
យុវតីដែលបាត់ខ្លួនអស់រយៈពេលជិត១០ថ្ងៃនេះ មានឈ្មោះយ៉ែម ឌីវិន អាយុ១៥ឆ្នាំ ជាសិស្សវិទ្យាល័យអូរអំបិល និងជាសមាជិក កាយរឹទ្ធិប្រចាំសាលា។ យុវតីរូបនេះ គឺជាក្មេងកំព្រា សព្វថ្ងៃរស់នៅជាមួយជីតាឈ្មោះអោក យ៉ែម និងមានលំនៅក្នុងភូមិអូរអំបិល ក្រុងសិរី សោភ័ណ។
លោកតា អោក យ៉ែម បានរៀបរាប់ប្រាប់ថា ចៅស្រីរបស់គាត់ម្នាក់នេះ កំព្រាម្តាយតាំងពីវ័យក្មេង និងត្រូវបានគាត់យកមករស់នៅជាមួយតាំងពីតូចក្រូចឆ្មារមកម៉្លេះ ហើយចៅស្រីនេះ គឺជាក្មេងដែលស្តាប់បង្គាប់ល្អណាស់ មិនធ្លាប់ធ្វើឱ្យគាត់ជាជីតាលំបាកចិត្តព្រោះនាងឡើយ។ នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ចៅស្រីរូបនេះ បានសុំគាត់ជាជីតាចេញទៅដើរលេងជាមួយក្រុមកាយរឹទ្ធិប្រចាំសាលា ទើបគាត់នឹកថា មិនអី ក៏អនុញ្ញាតិឱ្យចៅស្រីទៅដើរលេង ស្រាប់តែចៅស្រីក៏បាត់ខ្លួនតាំងពីថ្ងៃនោះមកតែម្តង មិនដឹងជាចេញទៅដល់ណា ឬជាមួយអ្នកណាទេ ព្រោះសូម្បីតែខាងសាលាលោកគ្រូអ្នកគ្រូ ក៏មិនបានដឹងពីបញ្ហានេះឡើយ។
លោកតា អោក យ៉ែម បានបន្តថា តាំងពីចៅស្រីបាត់ខ្លួនមក គាត់បានខំតាមស្វែងរកចៅស្រីសព្វកន្លែងតែគ្មានដំណឹងអ្វីទាល់តែសោះ លុះថ្មីៗនេះ ស្រាប់តែចៅស្រីនោះបានទូរស័ព្ទទៅប្រាប់ឪពុកនាង ដែលនៅឆ្ងាយថា នាងមកដើរលេងនៅក្រុងប៉ោយប៉ែត ទើបធ្វើឱ្យគាត់បានស្កាត់តាមរកចៅស្រីដែរតែរកមិនឃើញ និងកំពុងតែព្រួយបារម្ភខ្លាចចៅស្រីចាញ់បោកគេ ឬមានគ្រោះថ្នាក់ផ្សេងៗ ទើបគាត់សូមអំពាវនាងឱ្យចៅស្រី វិលត្រឡប់មកផ្ទះវិញ ព្រោះលោកតាពិតជាបារម្ភពីនាងខ្លាំងណាស់។
ជាមួយនេះ លោកតា អោក យ៉ែម ក៏បានអំពាវនាវដល់ សមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ប្រសិនបើបានប្រទះឃើញក្មេងស្រី ដែលមានភិនភាគដូចក្នុងរូបថតខាងលើ សូមជួយផ្តល់ដំណឹងមកលោកតា តាមរយៈលេខទូរស័ព្ទ ០៩៣ ៤៧៧ ៤៨៩ ដោយក្តីអនុគ្រោះផងចុះ៕