ខេត្តកណ្តាល ៖ បុរសវ័យចំណាស់ម្នាក់ តែងផឹកស្រាស្រវឹងជាប់ជាប្រចាំ លុះក្រោយពីផឹកស្រវឹងជោកជាំ ដើរត្រឡប់ទៅផ្ទះវិញ យប់ងងឹតផង ស្រវឹងទ្រេតទ្រោតផង ទើបបណ្តាលឱ្យជំពប់ជើងដួលផ្កាប់មុខចូលថ្លុកទឹក បណ្តាលឱ្យឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចថ្លុកទឹកភ្លៀង មុខទ្វាររបងដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល។
បុរសរងគ្រោះ មានឈ្មោះកែវ លី អាយុ៥៥ឆ្នាំ មុខរបរចាំដីឱ្យបងស្រី មានស្រុកកំណើតនៅភូមិពានភ្លើង ឃុំស្មោងជើង ស្រុកកំចាយ មារ ខេត្តព្រៃវែង មានប្រពន្ធនិងកូនដែរ តែបានលែងលះគ្នាជាង២០ឆ្នាំហើយ។
តាមស្ត្រីចំណាស់ឈ្មោះកែវ សុខ អាយុ៦១ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា ប្អូនប្រុសរបស់គាត់ម្នាក់នេះ (ជនរងគ្រោះ) គឺជាមនុស្សចូលចិត្តផឹកស្រាខ្លាំងណាស់ តែងផឹកស្រវឹងជារៀងរាល់ថ្ងៃ។ នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ គេបានឃើញជនរងគ្រោះអង្គុយផឹកស្រានៅតូបអ្នកលក់ក្នុងភូមិតែម្នាក់ឯង រហូតដល់យប់ជ្រៅ ទើបដើរត្រឡប់ទៅផ្ទះវិញបាត់ទៅ។ ស្រាប់តែមកដល់វេលាម៉ោង៥ទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ស្រាប់តែឈ្មោះសាន អ៊ុក ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បានទូស័ព្ទប្រាប់គាត់ថា ប្អូនប្រុសគាត់បានដួលឈ្លក់ទឹកស្លាប់បាត់ហើយ។
ស្ត្រីជាបងជនរងគ្រោះបន្តថា ពេលឮគេតេប្រាប់ដូច្នោះ គាត់ក៏ប្រញាប់ប្រញ៉ាល់ទៅមើលក៏ឃើញប្អូនដេកស្លាប់ក្នុងទឹកថ្លុកនោះមែន ទើបបានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។
អ្នកស្រុកបាននិយាយថា ពេលព្រលប់មេឃកំពុងភ្លៀងខ្លាំង គេបានឃើញជនរងគ្រោះដើរចេញពីតៀមស្រា ទំនងសំដៅទៅរោងចាំដីរបស់បងគាត់វិញ ស្រាប់តែព្រឹកឡើងមានការភ្ញាក់ផ្អើល ឃើញជនរងគ្រោះដេកស្លាប់ នៅមុខទ្វារដីឡូត៍នោះតែម្តង ហេតុនេះជនរងគ្រោះអាច ស្រវឹងជោកជាំ ហើយដើរបាត់បង់ស្មារតីដួលឈ្លក់ទឹកស្លាប់នៅពេលមេឃកំពុងមានភ្លៀង។
បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យសពរួចរាល់ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារផឹកស្រាស្រវឹង អាចកើតខ្យល់ ទៅជាដួលស្លាប់ក្នុងថ្លុកទឹកភ្លៀងមែន៕