ខេត្តរតនគិរី ៖ យុវជនម្នាក់ ព្រោះតែតូចចិត្តនឹងរឿងនារីជាទីស្រលាញ់ ដែលខ្លួនមានបំណងយកមកធ្វើជាប្រពន្ធ មិនដឹងជាទៅខិលខូច ជាមួយប្រុសណារហូតដល់មានផ្ទៃពោះ បែរជាចុងក្រោយមកចោទថាខ្លួនគឺជាឪពុកកូនក្នុងផ្ទៃ ទាំងខ្លួនមិនដែលបានស្គាល់ក្លិនខ្លួនស្រីថ្លៃ ម្តងសោះ ទើបធ្វើឱ្យយុវជនរូបនេះឈឺចិត្តស្អិតទ្រូង ក៏ទាញកាំបិតបន្ទោះ វះពោះខ្លួនឯង ដើម្បី ជាការបង្ហាញពីភាពស្អាតស្អំផង និងបំណងសម្លាប់ខ្លួនឱ្យផុតពីការឈឺចាប់នេះតែម្តង។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះ របស់ជនរងគ្រោះ ស្ថិតក្នុងភូមិកាជូត ឃុំញ៉ាង ស្រុកអណ្តូងមាស។
យុវជនចិត្តខ្លាំងខាងលើនេះ មានឈ្មោះ ក្លាន ដឺយ អាយុ២១ឆ្នាំ ជាជនជាតិដើមភាគតិចច្រាយ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើ បានចាប់ចិត្តស្រលាញ់នារីម្នាក់រស់នៅភូមិជាមួយគ្នា និងបានទំនាក់ទំនងមានស្នេហានឹងគ្នាជាយូរមកហើយ ដោយថែមទាំងមានបំណងចង់បាននារីរូបនោះ មកធ្វើជាគូអនាគត (ប្រពន្ធ) របស់ខ្លួនទៀតផង។ តែក្រោយមក មិនដឹងថា ស្រីថ្លៃរូបនោះ ទៅខិលខូចជាមួយនឹងប្រុសណាមិនដឹងរហូតដល់ជ្រុលជ្រួលមានផ្ទៃពោះ ស្រាប់តែមកចោទប្រកាន់ថា យុវជនរងគ្រោះខាងលើ បានធ្វើឱ្យនាងមានផ្ទៃពោះទៅវិញ ជាហេតុធ្វើឱ្យក្រុមគ្រួសារខាងស្រី ប្តឹងទារសំណងពីយុវជនរងគ្រោះចំនួន១ពាន់ដុល្លារ និងធ្វើឱ្យអ្នកភូមិ ក៏ដូចជាមិត្តភក្តិវាយតម្លៃមកលើជនរងគ្រោះ ថាជាមនុស្សមិនល្អ ស៊ីចុករួចមិនព្រមទទួលខុសត្រូវទៀតផង ទាំងដែលការពិតទៅ រវាងជនរងគ្រោះ និងស្រីស្នេហ៍នោះ គឺស្រលាញ់គ្នា ដោយចិត្តនិងចិត្ត ហើយជនរងគ្រោះមិនដែលហ៊ានធ្វើអ្វីឱ្យរំលង ហួសប្រពៃណីឡើយ ដោយបានត្រឹមចាប់ដៃជើង ឱបថើបតិចតួចប៉ុណ្ណោះ។
ប្រភពដដែលបន្តថា ដោយសារតែនៅសុខៗ ស្រាប់តែមនុស្សស្រីជាទីស្រលាញ់របស់ខ្លួន ដែលខ្លួនមានបំណងចង់យកមកធ្វើជាប្រពន្ធ មិនដឹងជាទៅលួចទាក់ទងជាមួយប្រុសណា រហូតមានផ្ទៃពោះ រួចមកចោទដាក់ខ្លួន ទើបធ្វើឱ្យយុវជនស្មោះស្នេហ៍រូបនេះ តូចចិត្តយ៉ាងខ្លាំង តែមិន ដឹងជានិយាយប្រាប់អ្នកណាឱ្យជឿសម្តីរបស់ខ្លួន ទើបបែកគំនិត គិតខ្លី ទាញកាំបិតបន្ទោះយកមកវះពោះខ្លួនឯង ដើម្បីជាការបញ្ជាក់នូវភាពស្អាតស្អំ ព្រមទាំងប៉ុនប៉ងសម្លាប់ ខ្លួនតែម្តង ព្រោះមិនចង់រស់នៅទទួលរងការឈឺចាប់បែបនេះឡើយ។
ក្រោយពីប្រទះឃើញជនរងគ្រោះវះពោះខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់ សាច់ញាតិ រួមនឹងអ្នកភូមិក៏បាននាំគ្នាជួយដឹកបញ្ជូនជនរងគ្រោះ ទៅកាន់មណ្ឌលសុខភាពស្រុកអណ្តូងមាស ដើម្បីព្យាបាល ប៉ុន្តែដោយឃើញថា ជនរងគ្រោះមានសភាពធ្ងន់ធ្ងរ ទើបខាងមណ្ឌលសុខភាព សម្រេច បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដើម្បីសង្គ្រោះបន្ទាន់វិញ។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលជនរងគ្រោះវះពោះខ្លួនឯងនោះ គឺបណ្តាលមកពីជនរងគ្រោះខឹងស្រីដែលខ្លួនស្រឡាញ់បម្រុងយកធ្វើប្រពន្ធ មានផ្ទៃពោះជាមួយប្រុសផ្សេង ហើយចោទដាក់ខ្លួនថា កូនក្នុងផ្ទៃជាកូនរបស់ខ្លួន។ រីឯបងប្អូនខាងស្រីខឹង ផាកពិន័យជាប្រាក់ចំនួន១០០០ដុល្លារ ទើបសម្រេចចិត្តធ្វើអត្តឃាតតែម្តង៕