ខេត្តតាកែវ ៖ ក្មេងស្រីវ័យ១៣ឆ្នាំម្នាក់ បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងប្អូនប្រុសបង្កើតរបស់ខ្លួនតិចតួច លុះស្ត្រីជាម្តាយឃើញ ក៏ស្តីបន្ទោសកូនស្រីថាធ្វើបងគេគួរចេះអត់ធ្មត់ឱ្យបានច្រើន ស្រាប់តែកូនស្រីរូបនេះតូចចិត្ត ក៏សម្រេចចិត្តចងកសម្លាប់ខ្លួន ធ្វើឱ្យក្រុមគ្រួសារ រន្ធត់ចិត្តយ៉ាងខ្លាំង។
ករណីក្មេងស្រីតូចចិត្តនឹងរឿងម្តាយស្តីបន្ទោស បែរជាដាច់ចិត្តចងកបញ្ចប់ជីវិតនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិតាប្រឹម ឃុំសំបួរ ស្រុកទ្រាំង។
ក្មេងស្រីចិត្តខ្លាំងគំនិតខ្លី ដែលចងកធ្វើអត្តឃាតនេះ មានសឈ្មោះជ្រិន សុភា អាយុ១៣ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះខាងលើ បានរៀបរាប់ទាំងទឹកភ្នែកថា នៅមុនពេលកើតហេតុ កូនស្រីម្នាក់នេះ (ក្មេងស្រីរងគ្រោះ) បានឈ្លោះប្រកែកគ្នាជាមួយនឹងប្អូនប្រុស។ នៅពេលឃើញកូនៗឈ្លោះប្រកែកគ្នា មិនចេះស្រលាញ់គ្នាបែបនេះ ទើបគាត់ជាម្តាយបានស្តី បន្ទោសទៅកូនស្រីជាបងថា ធ្វើបងគេត្រូវចេះស្រលាញ់ប្អូន និងត្រូវចេះអត់ធ្មត់ឱ្យបានច្រើន មិនគួរឈ្លោះប្រកែកគ្នាបែបនេះទេ។
ស្ត្រីជាម្តាយបន្តថា លុះស្តីបន្ទោសកូនរួច គាត់ក៏ចេញទៅរកចំបើងគោបាត់ទៅ ដោយទុកឱ្យកូនប្រុសស្រីទាំង២នាក់ នៅចាំផ្ទះ ហើយគាត់ក៏មិននឹកស្មានដល់សោះថា កូនស្រីអាចនឹងមានគំនិតខ្លីដល់ម្លឹង ទាំងដែលការពិត គាត់ស្តីបន្ទោសនេះ គ្រាន់តែចង់ឱ្យកូនល្អ ចេះស្រលាញ់បងប្អូន ប៉ុណ្ណោះ។
ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានបញ្ជាក់ថា លុះពេលដែលគាត់ត្រឡប់មកពីរកចំបើងគោវិញ មកដល់ផ្ទះ ក៏ប្រទះឃើញកូនស្រី បានចងកសម្លាប់ខ្លួននៅលើផ្ទះបាត់ទៅហើយ ទើបធ្វើឱ្យគាត់ស្រែកឆោឡោ ផ្អើលដល់អ្នកភូមិចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើខ្សែភ្លើង ចងកជាប់នឹងធ្នឹមផ្ទះ។ មូលហេតុ ដោយសារតែតូចចិត្តនឹងរឿងម្តាយស្តីបន្ទោសតិចតួច។
សាកសពក្មេងស្រីខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វីបុណ្យតាមប្រពៃណី៕