ខេត្តរតនគិរី៖ ក្មេងស្រីម្នាក់ ត្រូវឪពុកម្តាយប្រើឱ្យដឹកក្របីចេញវាល លុះកំពុងដើរឃ្វាលក្របីនៅតាមវាលស្រែដោយខ្វះការប្រុងប្រយ័ត្ន ស្រាប់តែត្រូវក្របីរបស់ខ្លួនឡើងក ដេញវ័ធបណ្តាលឱ្យចំពោះ ធ្លាយពោះវៀនចេញមកក្រៅ ទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវឪពុកម្តាយ ប្រញាប់ដឹកបញ្ជូននៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។
ហេតុការណ៍ក្របីឡើងក ដេញវ័យក្មេងស្រីធ្លាយពោះវៀនប៊ិះស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចចម្ការអូគីស ស្ថិតក្នុងភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ។
ក្មេងស្រីរងគ្រោះ ដែលត្រូវក្របីវ័យធ្លាយពោះវៀនចេញមកក្រៅគួរឱ្យរន្ធត់ មានឈ្មោះសីង សល់ អាយុ១២ឆ្នាំ ជាជនជាតិដើមភាគតិច កាវែត មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះខាងលើ បានប្រើកូនស្រីឱ្យដឹកសត្វក្របីរបស់ខ្លួនចេញពីផ្ទះ ដើម្បីចេញទៅឃ្វាលនៅវាលស្រែ លុះពេលដឹកក្របីទៅដល់វាលស្រែ ស្រាប់តែសត្វក្របី១ក្បាលនោះ បានឡើងក ធ្វើឱ្យបោលកញ្ជ្រោល ដេញវ័ធក្មេងស្រីរងគ្រោះទាំងកំរោល ធ្វើឱ្យក្មេងស្រីរងគ្រោះភ័យស្លន់ស្លោ ប្រឹងរត់គេចដែរតែគេចមិនទាន់ ធ្វើឱ្យក្របីវ័ធ មួយស្នែងចំពោះ បណ្តាលឱ្យធ្លាយពោះវៀនចេញមកក្រៅគួរឱ្យរន្ធត់។
ប្រភពដដែលបន្តថា ក្រោយពីឃើញក្របីវ័ធក្មេងស្រីរងគ្រោះធ្លាយពោះបែបនេះ ក្មេងឃ្វាលគោក្របីនៅក្បែរនោះ ក៏ប្រញាប់រត់ចូលភូមិ មកប្រាប់ឪពុកម្តាយក្មេងស្រីរងគ្រោះឱ្យបានដឹង ដើម្បីទៅជួយអន្តរាគមន៍។
ក្រោយកើតហេតុ ឪពុកម្តាយក្មេងស្រីរងគ្រោះខាងលើ បានប្រញាប់រត់ទៅមើលកូននៅវាលស្រែ លុះឃើញកូនស្រីរងរបួសធ្ងន់ ធ្លាយពោះវៀនចេញមកក្រៅមួយទ្រេលបែបនេះ ក៏ប្រញាប់ដឹកបញ្ជូនកូនស្រី ទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពវើនសៃតែម្តង៕