ខេត្តសៀមរាប ៖ កម្មករសំណង់១ក្រុម កំពុងនាំគ្នាជួសជុលអគារហាងស៊ុបមួយកន្លែង ស្រាប់តែមិនដឹងជាខុសបច្ចេកទេសយ៉ាងម៉េច បណ្តាលឱ្យអគារដែលកំពុងជួសជុលនោះ បាក់ស្រុតសង្កត់កម្មករដែលកំពុងសម្រាកយ៉ាងស្កប់ស្កល់កណ្តាលអធ្រាត្រ បណ្តាលឱ្យកម្មករម្នាក់បានស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកកម្មករ៤នាក់ទៀត បានទទួលរងរបួសយ៉ាងធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍បាក់ស្រុតអគារកំពុងជួសជុល ទាំងកណ្តាលអធ្រាត្រនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចអគារហាងស៊ុបមួយកន្លែង ស្ថិតក្នុងបរិវេណផ្សាររាត្រី ផាប់ស្ទ្រីត ផ្លូវលេខ៨ ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍បាក់អគារកំពុងជួសជុលខាងលើនេះ មានឈ្មោះខុម សុពេជ្រ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស តែឆ្លៀតពេលមកស៊ីឈ្នួលធ្វើសំណង់ដើម្បីរកចំណូលជួយក្រុមគ្រួសារ និងទើបមកធ្វើការនៅទីតាំងកើតហេតុបាន៩ថ្ងៃប៉ុណ្ណោះ ស្រាប់តែជួបគ្រោះអកុសល ត្រូវអគារបាក់រលំសង្កត់ស្លាប់តែម្តង។ ចំណែកជនរងគ្រោះទាំង៤នាក់ ដែលទទួលរងរបួសធ្ងន់ រួមមាន ទ១-ឈ្មោះឌី សុណា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ត្រូវថ្មសង្កត់ចំដើមទ្រូង (របួសធ្ងន់) ទី២-ឈ្មោះមឿ ម៉េត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ត្រូវចំក្បាល ជង្គង់ និងដើមទ្រូង (របួសធ្ងន់) ទី៤-ឈ្មោះសល់ សេក ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ត្រូវចំក្បាល និងដើមទ្រូង (របួសធ្ងន់) និងទី៤-ឈ្មោះម៉ត់ រី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ត្រូវចំជើង ចង្កេះ និងភ្នែក (របួសធ្ងន់)។ ជនរងគ្រោះ ទាំង៥នាក់ខាងលើ មានស្រុកកំណើតនៅភូមិធ្វេស ឃុំត្រីញ័រ ស្រុកពួក ជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់កំពុងបំរើភ្ញៀវបរទេស ដែលមានហាងនៅម្ខាងផ្លូវម្នាក់ ជាមួយនឹងអគារដែលបាក់នោះ គឺជាអតីតហាងស៊ុបនាគ ខណៈពេលនោះ ស្រាប់តែពួកគាត់លឺសូរសំឡេងប្រាវ ក៏នាំគ្នាក្រឡេកទៅមើលឃើញ មានកម្មករសំណង់ ដែលដេកនៅក្នុងនោះ ខ្លះរត់ចេញមកក្រៅ ខ្លះស្រែកយំថា ពួកខ្ញុំស្លាប់អស់ហើយនៅក្នុងអាគារនោះ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មូលហេតុដែលអគារខាងលើនោះបាក់ គឺមកពីមេជាងធ្វើខុសបច្ចេកទេស។ កាលណាធ្វើផ្ទះ ត្រូវបុកគ្រឹះ ហើយចាក់ធ្នឹម ទើបអាចចាក់ប្លង់សេឡើងលើបាន។ ប៉ុន្តែសំណង់នោះ ប្រហែលមេជាង គិតថា ម្ចាស់ផ្ទះ (ហាងស៊ុបនាគ) ចាក់គ្រឹះពីមុនហើយ បានជានាំកម្មករទាំងអស់ ដែលមានគ្នាប្រហែលជាង៣០នាក់ ចាក់បេតុងខាងលើបន្ថែម ហើយក៏កើតហេតុដូច្នេះតែម្តង។
ក្រៅពីបង្កគ្រោះថ្នាក់ដល់មនុស្សហើយ ហេតុការណ៍បាក់អគារខាងលើនេះ ក៏បង្កឱ្យមានការខូចខាតម៉ូតូចំនួន ៣គ្រឿង ជារបស់កម្មករ សំណង់ផងដែរ។ រីឯមេជាងសំណង់ឈ្មោះជា ភេទប្រុស អាយុប្រហែល៤០ឆ្នាំ រស់នៅក្នុងស្រុកពួក ត្រូវបានធានាសងសំណងជំងឺចិត្តចំនួន ៣៥០០ដុល្លារ ទៅសាកសព និងអ្នករងរបួស ខណៈដែលខាងក្រុមគ្រួសារជនរងគ្រោះ បានទាមទាសំណងចំនួន៣០០០ដុល្លារក្នុងម្នាក់។ យ៉ាងណា ពេលនេះ សមត្ថកិច្ចកំពុងជួយធ្វើការសម្របសម្រួល៕