ឱក សុគន្ធកញ្ញា បានប្រារឰខួបកំណើតវ័យ៣៣ឆ្នាំរបស់នាង កាលពីថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នោះ ដោយភាពស្ងៀមស្ងាត់ ដោយគ្មានកម្មវិធីជប់លៀងធំ ហៅតារាសិល្បៈជាច្រើនទៅអបអរសាទរឡើយ ដែលនេះជាទម្លាប់របស់អ្នកចម្រៀងល្បីល្បាញរូបនេះផងដែរ តាំងពីនាងល្បីឈ្មោះជាង១០ឆ្នាំនេះ មិនដែលហ៊ានធ្វើខួបធំដូចគេ។
ទោះជាយ៉ាងណា នៅមុនកម្មវិធីខួបកំណើតរបស់ឱក សុគន្ធកញ្ញា មកដល់នេះ គូដណ្តឹងរបស់នាងលោកអ៊ឹង សុខលី បានធ្វើឱ្យអ្នកចម្រៀងហង្សមាសនេះ មានអារម្មណ៍រំភើបរីករាយជាខ្លាំង តាមរយៈការរៀបចំខួបកំណើតឱ្យមុនថ្ងៃខួបនាងពិត ហើយពួកគេបានបង្ហាញពីភាពស្អិតល្មួតគ្នាកាន់តែខ្លាំង ធ្វើឱ្យគូស្នេហ៍តារាផ្សេងៗទៀត មានការច្រណែនសុគន្ធកញ្ញា មិនតិចឡើយ។
ក្រៅពីមានការយកចិត្តទុកដាក់ពីប្រុសស្នេហ៍បណ្តូលចិត្តនោះ ឱក សុគន្ធកញ្ញា ក៏ទទួលបានសារជូនពរពីតារាចម្រៀងដូចគ្នា អ្នកគាំទ្ររូបនាង និងក្រុមគ្រួសារផងដែរ ដែលម្នាក់ៗសុទ្ធតែបានជូនពរនាងថា “សូមឱ្យមានភាពល្បីល្បាញកាន់តែខ្លាំងថែមទៀត”។
តារាចម្រៀងឱក សុគន្ធកញ្ញា បានថ្លែងអំណរគុណចំពោះការដែលមានអ្នកស្រលាញ់ គាំទ្ររូបនាង រហូតមកដល់ពេលនេះ ហើយនាងសន្យាថា នឹងបន្តសកម្មភាពសិល្បៈតទៅមុខទៀត ដោយមិនឱ្យ Fan របស់នាងខកចិត្តនោះទេ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង ជាងកម្មវិធីខួបកំណើតរបស់ឱក សុគន្ធកញ្ញា ទៅទៀតនោះ គឺតារាចម្រៀងឈរលំដាប់កំពូលនៅហង្សមាស រូបនេះ ក្លាហានហ៊ានបណ្តើរគូដណ្តឹងរបស់នាង លោកអ៊ឹង សុខលី កណ្តាលផ្សារទំនើបអ៊ីអន កាលពីពេលថ្មីៗនេះ នាំឱ្យអ្នកដើរផ្សារទាំងឡាយ មានការភ្ញាក់ផ្អើលជាខ្លាំង ហើយពួកគេបានសរសើរថា សុគន្ធកញ្ញា ពូកែរកសង្សារបានស័ក្តិសមគ្នាទៀតផង ហើយមើលទៅតារាចម្រៀងល្បី និងអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាសនេះ ស្រលាញ់គ្នាខ្លាំងណាស់ ក្រោយពេលដែលពួកគេភ្ជាប់ពាក្យជាមួយគ្នា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នោះ។
នៅក្នុងថ្ងៃខួបកំណើតរបស់ឱក សុគន្ធកញ្ញា នោះ ក៏មានអ្នកគាំទ្រមួយចំនួន បានសំណូមពរឱ្យសុគន្ធកញ្ញា និងលោកសុខលី ប្អូនថៅកែហង្សមាស ប្រញាប់ចូលរោងការឱ្យបានឆាប់ៗផងដែរ ព្រោះពួកគេចង់ឃើញកញ្ញា គ្រងឈុតកូនក្រមុំមែនទែន ក្នុងថ្ងៃពិសេសរបស់នាង ដើម្បីឱ្យតារារូបនេះ ជោគជ័យទាំងអាជីពចម្រៀង និងស្នេហាព្រមគ្នាតែម្តង។
ទោះជាយ៉ាងណាឱក សុគន្ធកញ្ញា មិនបានឆ្លើយតបការដែលអ្នកស្រលាញ់គាំទ្រនាងចង់ឱ្យនាងចូលរោងការឆាប់ៗនោះឡើយ ខណៈដែលកន្លងមក ប្អូនស្រីរបស់សុគន្ធកញ្ញា នាងណាតា បានប្រាប់អ្នកយកព័ត៌មានយើងថា មង្គលការសុគន្ធកញ្ញា នឹងត្រូវកំណត់ដោយចាស់ទុំទាំងសងខាង ថា ពេលណាអាចធ្វើទៅបាននោះ សាមីខ្លួនរង់ចាំ តែចាស់ៗជាអ្នកសម្រេចទេ៕