Thursday, January 23, 2025
Homeព័ត៌មានជាតិចៅអធិការវត្ត លបចូលផ្ទះស្រីក្មេងរួមរ័ក អ្នកស្រុកតាមទាន់

ចៅអធិការវត្ត លបចូលផ្ទះស្រីក្មេងរួមរ័ក អ្នកស្រុកតាមទាន់

ភ្នំពេញ ៖ ជារឿងដ៏គួរឱ្យហួសចិត្តបំផុត ខណៈដែលសង្ឃបរាជិកមួយអង្គ មានតួនាទីដល់ទៅចៅអធិការវត្ត បែរជាមិនអាចរំងាប់កិលេស តណ្ហា លបលួចទាក់ទងស្នេហាជាមួយស្រីក្មេង និងថែមទាំងលបលួចស្កាត់ទៅរួមរ័កជាមួយស្រីស្នេហ៍វ័យក្មេងដល់ផ្ទះជាញឹកញាប់ ទីបំផុតពុទ្ធបរិស័ទមានការសង្ស័យលបតាមដាន រហូតប្រទះឃើញផ្ទាល់ភ្នែក ឃើញសង្ឃបរាជិកអង្គនេះ លួចដោះស្បង់ចេញពីកុដិស្ងាត់ៗកណ្តាលអធ្រាត្រ រួចលបចូលទៅផ្ទះស្រីស្នេហ៍ដើម្បីរួមរ័កមេត្រី ទីបំផុត ក៏ត្រូវប្រជាពលរដ្ឋចាប់ឃាត់ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

ហេតុការណ៍ចៅអធិការវត្ត លបទៅរួមរ័កជាមួយស្រីក្មេងកណ្តាលរាត្រីនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះនារីជាស្រីស្នេហ៍ ស្ថិតក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។

សង្ឃបរាជិកដែលលបលួចជេរមាន់ (ជាន់មេ) ក្បែរវត្ត រហូតត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឱ្យសមត្ថកិច្ចនេះ មានឈ្មោះមៀច សុវណ្ណ ជាចៅអធិការវត្តរតនៈតេជៈ ហៅវត្តកំពង់ក្តុល ស្ថិតនៅភូមិពោធិ៍រលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។ ចំណែកនារីជាស្រីស្នេហ៍ មានឈ្មោះហេង សុខហៀង អាយុ២២ឆ្នាំ នៅតាមផ្លូវបេតុង ស្ថិតក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ មានចម្ងាយ១០០០ម៉ែត្រពីវត្តកំពង់ក្តុល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋតែងតែរាយការណ៍ប្រាប់សមត្ថកិច្ចថា ចៅអធិការវត្តកំពង់ ក្តុល នេះមិនបានប្រកាន់ខ្ជាប់ធម៌វិន័យត្រឹមត្រូវនោះទេ ដោយសង្ឃអង្គនេះ កំពុងលបលួចទាក់ទងស្រីក្មេង និងតែងលបទៅរួមរ័កជាមួយគ្នាជាញឹកញាប់ ដែលទង្វើបែបនេះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងតម្លៃព្រះសង្ឃ ក្នុងវិស័យព្រះពុទ្ធសាសនាយ៉ាងខ្លាំង។ ជុំវិញសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋខាងលើនេះ ត្បិតថាមិនទាន់មានភ័ស្តុតាងបញ្ជាក់ថា ជារឿងពិត ប៉ុន្តែសមត្ថកិច្ចក៏មិនបានព្រងើយកន្តើយដែរ ដោយបាន សម្រេចដាក់កម្លាំងសមត្ថកិច្ច សហការជាមួយអ្នកភូមិខ្វិត ដើម្បីធ្វើការតាមដាន ក្នុងរយៈពេលយ៉ាងយូរមកហើយ។ ទីបំផុត មកដល់ថ្ងៃកើតហេតុ ទើបអ្នកភូមិស៊ើបដឹងថា ចៅអធិការអង្គនេះ បានក្លែងខ្លួនជាគ្រហស្ថ (ពាក់អាវយឺត ស្លៀកខោជើងខ្លី) និមន្តចេញពីវត្តទៅសឹងនៅក្នុងផ្ទះរបស់ ស្រីស្នេហ៍វ័យក្មេងឈ្មោះហេង សុខហៀង ដែលមានចម្ងាយត្រឹមតែ១គីឡូម៉ែត្រប៉ុណ្ណោះ ពីវត្តកំពង់ក្តុល។

ប្រភពដដែលបន្តថា ក្រោយពេលស៊ើបដឹងការពិត ប្រជាពលរដ្ឋរស់នៅក្នុងភូមិខ្វិត បាននាំគ្នាទៅចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច នគរបាលប៉ុស្តិ៍សាក់សំពៅតែម្តង និងត្រូវបានសមត្ថកិច្ចនាំសង្ឃបរាជិក មៀច សុវណ្ណ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ជាបណ្តោះអាសន្ន ដើម្បីការពារសុវត្ថិភាព និងទុកប្រគល់ឱ្យការិយាល័យធម្មការ និងចាត់វិធានការតាមវិន័យសង្ឃ។
ក្រោយបែកធ្លាយរឿងដ៏អាស្រូវខាងលើរួចមក នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ សង្ឃទ្រុស្តសីល មៀច សុវណ្ណ ត្រូវបានព្រះ អនុគណខណ្ឌដង្កោ គង់នៅវត្តស្លែង បានចុះមកចាប់ផ្សឹកភ្លាមៗ។ បន្ទាប់ពីចាប់ផ្សឹករួចរាល់មក អតីតចៅអធិការរូបនេះ ត្រូវបានចាប់បញ្ចូលក្នុងរថយន្តរបស់នគរបាល ដឹកទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ ។

ក្រោយធ្វើការសាកសួររួច សមត្ថកិច្ចក៏បានពិនិត្យទឹកនោមអតីតចៅអធិការរូបនេះដែរ និងបានរកឃើញថា អន្ទិតកំហូចរូបនេះមានសារធាតុញៀននៅក្នុងខ្លួនថែមទៀតផង។
ប្រភពពីពុទ្ធបរិស័ទចំណុះជើងវត្តកំពង់ក្តុល បានអះអាងថា អតីតព្រះចៅអធិការរូបនេះ តែងតែលួចទៅជួបជាមួយស្រីស្នេហ៍ស្ទើររាល់យប់ ពោលចាប់ពីម៉ោង៩យប់ ព្រះសង្ឈអង្គនេះបានដោះស្បង់ចេញ ហើយស្លៀកខោអាវដូចគ្រហស្ថធម្មតា ទៅរួមរ័កជាមួយស្រីស្នេហ៍ រហូតដល់ម៉ោង៣ទៀបភ្លឺ ទើបត្រឡប់ចូលមកវត្ត គ្រងស្បង់ធ្វើព្រះសង្ឃ ដូចធម្មតាវិញ។

ពាក់ព័ន្ធករណីចៅអធិការបរាជិក លួចទៅរួមរ័កជាមួយស្រីស្នេហ៍ក្បែរវត្តនេះដែរ ប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្ត ក៏បានលើកគ្នា មកតវ៉ាឱ្យដកអាចារ្យវត្តរតនៈតេជៈ ហៅវត្តកំពង់ក្តុល ចំនួន២នាក់ទៀត ដោយបានចោទអាចារ្យទាំងពីរនាក់នេះថា ជាអ្នកឃុបឃិតសមគំនិតគ្នា ជាមួយអតីតចៅអធិការ ពាក់ព័ន្ធរឿងស្រីញីនេះ។

គួរបញ្ជាក់ថា កន្លងមកព្រះចៅអធិការវត្តកំពង់ក្តុលនេះ ធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធនឹងមានប្រពន្ធ និងសេពថ្នាំញៀន ហើយត្រូវគេបង្ហោះតាមបណ្តាញសង្គម ទើបប្រជាពលរដ្ឋប្រហែលជាង២០០នាក់ កើតទុក្ខមិនសុខចិត្ត នាំគ្នាតវ៉ាម្តងរួចមកហើយ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅក្នុងវត្តកំពង់ក្តុល ដើម្បីទាមទារឱ្យមន្ត្រីសង្ឃចាប់ផ្សឹកព្រះចៅអធិការអង្គនេះចេញ។

ក្រុមអ្នកតវ៉ា បានលើកឡើងថា កាលពី៣-៤ឆ្នាំមុននេះ មានការបែកធ្លាយពីរឿងព្រះចៅអធិការវត្តកំពង់ក្តុល មានប្រពន្ធកូនម្តងរួចមកហើយ ប៉ុន្តែពុទ្ធបរិស័ទមិនបាននាំគ្នាតវ៉ាអ្វីទេ គ្រាន់តែបានពិភាក្សាជាមួយគណៈកម្មការវត្ត ស្នើសុំឱ្យព្រះចៅអធិការវត្តសឹកចេញទៅ។ ប៉ុន្តែក្រោយមក ព្រះចៅអធិការវត្តកំពង់ក្តុល បានប្រាប់គេឯងថា មិនបាច់មាត់កអ្វីទេ ចាំស្ងាត់ព្រះអង្គនឹងសឹក (លាចាកសិក្ខាបទ) ដោយខ្លួនឯង។

ប្រភពដដែលបន្តថា ចាប់តាំងពីពេលនោះមក ពុទ្ធបរិស័ទទាំងអស់ចេះតែរង់ចាំមើល តែមិនឃើញព្រះចៅអធិការអង្គនេះលាចាកសិក្ខាបទសោះ។ លុះក្រោយមកទៀត ពុទ្ធបរិស័ទរស់នៅក្បែរវត្តកំពង់ក្តុល បានឃើញឃ្លីបវីដេអូដែលបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ដោយព្រះចៅអធិការវត្តកំពង់ក្តុលចាក់ចម្រៀងឱ្យកូនស្រីរាំ ហើយប្រឡែងគ្នាលេង។ ក្រៅពីនេះពួកគាត់ឃើញឃ្លីបវីដេអូរបស់ព្រះចៅអធិការ ប្រើប្រាស់ថ្នាំញៀនថែមទៀត ទើបធ្វើឱ្យពុទ្ធបរិស័ទមានការខឹងសម្បាយ៉ាងខ្លាំង ក៏នាំគ្នាមកតវ៉ានៅក្នុងវត្តកំពង់ក្តុលតែម្តង ដើម្បីស្នើសុំឱ្យគណៈកម្មការវត្ត ចាប់ផ្សឹកព្រះចៅអធិកាវត្តនេះចេញ។ ប៉ុន្តែរហូតមកដល់ពេលនេះ ទើបបែកធ្លាយរឿងរ៉ាវដ៏អាស្រូវនេះ ក៏ត្រូវប្រជាពលរដ្ឋចាប់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ចតែម្តង៕

RELATED ARTICLES