Thursday, January 23, 2025
Homeព័ត៌មានជាតិត្អូញថាអត់ស្រួលខ្លួន! កោសខ្យល់ ផឹកថ្នាំរួច ដេកស្លាប់

ត្អូញថាអត់ស្រួលខ្លួន! កោសខ្យល់ ផឹកថ្នាំរួច ដេកស្លាប់

ខេត្តពោធិ៍សាត់ ៖ បុរសជាជាងជួសជុលរថយន្តម្នាក់ បានត្អូញប្រាប់មេជាងរបស់ខ្លួនថាមិនសូវស្រួលខ្លួន សុំច្បាប់សម្រាក១ថ្ងៃ រួចក៏ចេញកោសខ្យល់ និងទិញថ្នាំយកមកលេបរួច ក៏ចូលសម្ងំដេក លុះស្អែកឡើងក៏ត្រូវបានគេប្រទះឃើញដេកស្លាប់រឹងស្តូក បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចយានដ្ឋានជួសជុលរថយន្ត១កន្លែង យីហោ លី ជួង មានទីតាំងនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

បុរសរងគ្រោះខាងលើ មានឈ្មោះអ៊ន ប្រុញ អាយុ៣១ឆ្នាំ មានស្រុកកំណើតភូមិស្វាយស្រណោះ ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម សព្វថ្ងៃមកធ្វើជាជាងឡាន និងស្នាក់នៅក្នុងយានដ្ឋាន កើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០១៨ ខណៈដែលកំពុងបំពេញការងារនៅយានដ្ឋានខាងលើសុខៗ ជនរងគ្រោះបានត្អូញប្រាប់មេជាងថា ខ្លួនដូចជាមិនស្រួលខ្លួនសោះ ទើបសុំសម្រាកពីការងារ១ថ្ងៃ រួចក៏ចេញទៅកោសខ្យល់ ហើយក៏ទៅទិញថ្នាំមកលេប បន្ទាប់មកក៏ចូលទៅបន្ទប់ដេកពេញ១យប់ ស្រាប់តែព្រឹកស្អែកឡើង ក៏ត្រូវបានគេប្រទះឃើញដេក ស្លាប់តែម្តង ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើល រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យដល់ទីតាំងកើតហេតុ និងបានបញ្ជាក់ថា ជនរងគ្រោះ មានស្នាមកោសខ្យល់ និងមានកញ្ចប់ថ្នាំមួយកញ្ចប់តូច ដែលជនរងគ្រោះទិញមកលេប។ តាមការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង (ខ្យល់គរ)។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យបងប្អូនជីដូនមួយ ដឹកទៅកាន់ស្រុកកំណើតដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES