ខេត្តសៀមរាប ៖ ហាងម៉ាស្សាចំនួន២កន្លែង ដែលបានលួចលាក់បង្កប់សេវាបម្រើផ្លូវភេទ ត្រូវបានសមត្ថកិច្ចជំនាញ ឆ្មក់ចុះបង្ក្រាប ដោយរំដោះបាននារីបម្រើការក្នុងហាងបានចំនួន៥នាក់ និងឃាត់ខ្លួនស្ត្រីជាថៅកែហាងចំនួន២នាក់ កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវក្រវាត់ក្រុង ស្ថិតក្នុងភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប។
ស្ត្រីសង្ស័យទាំង២នាក់ ដែលជាថៅកែហាងម៉ាស្សាបង្កប់សេវាផ្លូវភេទ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះទុយ ស្រីមុំ អាយុ៣៧ឆ្នាំ មុខរបរជាថៅកែហាងម៉ាស្សាយីហោ៩៩៩ មានស្រុកកំណើតនៅភូមិចុងឃ្នៀង សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប សព្វថ្ងៃស្នាក់នៅក្នុងហាងម៉ាស្សាខាងលើ និងទី២-ឈ្មោះថៃ នី អាយុ៣០ឆ្នាំ មុខរបរជាថៅកែហាងម៉ាស្សាយីហោ ៧៧៧៧ មានស្រុកកំណើតនៅភូមិផ្កាដូង ឃុំក្រូចឆ្មា ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សព្វថ្ងៃស្នាក់នៅក្នុងហាងម៉ាស្សាខាងលើ។
លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បានឱ្យដឹងថា ក្រោយពីធ្វើការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងមានការផ្តល់ព័ត៌មានពីប្រភពយ៉ាងជាក់លាក់ ទើបសមត្ថកិច្ចជំនាញ ឈានដល់ការចុះបង្ក្រាបហាងម៉ាស្សាចំនួន២កន្លែងខាងលើ (នៅក្បែរគ្នា) ដោយបានជួយរំដោះនារីរងគ្រោះបានចំនួន៥នាក់ និងឃាត់ខ្លួនស្ត្រីជាថៅកែហាងចំនួន២នាក់ផងដែរ។
លោកជា ហេង បញ្ជាក់ថា ការឃាត់ខ្លួនថៅកែហាងម៉ាស្សាខាងលើ គឺបន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវជាក់លាក់ និងរកឃើញវត្ថុតាង បទល្មើសជាក់ស្តែង ហើយពេលនេះជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះ៥នាក់ ដែលសុទ្ធសឹងជាអនីតិជន បានប្រគល់ឱ្យទៅមន្ទីរសង្គមកិច្ចខេត្ត ដើម្បីអប់រំកែប្រែ និងផ្តល់ជំនាញផ្សេងៗ ដែលពួកគាត់អាចទទួលយកបាន។
លោកនាយការិយាល័យ អោយដឹងទៀតថា នៅក្នុងក្រុងសៀមរាប មានហាងម៉ាស្សាចំនួន៨២កន្លែង ដែលក្នុងនោះ ភាគច្រើនមិនមានច្បាប់ទម្លាប់អ្វីទាំងអស់។ ក្នុងនោះមានថៅកែជាជនជាតិវៀតណាម៦កន្លែង គឺគ្មានច្បាប់នោះទេ។ យ៉ាងណាក្តី ហាងម៉ាស្សាដែលមិនមានច្បាប់ គឺកំពុងរង់ចាំចំណាត់ការពីថ្នាក់លើ ថាត្រូវមានវិធានការយ៉ាងណា។
ចំណែកមន្ត្រីមន្ទីរសង្គមកិច្ចបានបញ្ជាក់ថា រាល់ជនរងគ្រោះដែលទទួលពីសមត្ថកិច្ច បើពួកគាត់ជាអនីតិជន គឺអាចឱ្យពួកគាត់ចូលរៀនវិញ ប្រសិនបើគាត់ចង់បន្តការសិក្សា។ តែចំពោះអ្នកពេញវ័យ គឺអប់រំផ្លូវចិត្តនិងប្រគល់ឱ្យក្រុមគ្រួសារវិញ។
ប្រភពបញ្ជាក់ថា ស្ត្រីដែលបានទទួលការអប់រំពីមន្ទីរសង្គមកិច្ច ភាគច្រើនពេលត្រឡប់ទៅផ្ទះវិញ គាត់តែងតែប្តូរមុខរបរ គឺមិនចូលទៅធ្វើការជាអ្នកម៉ាស្សាទៀតទេ។ ចំណុចនេះ បញ្ជាក់ឱ្យឃើញថា ពេលខ្លះពួកគាត់មិនបានឆ្លងកាត់ការអប់រំ ពួកគាត់អាចធ្វើអ្វីដែលខ្លួន មិនគួធ្វើ៕