ខេត្តបាត់ដំបង ៖ បុរសម្នាក់បានប្រើអំពើហិង្សាទៅលើគូទំនាស់របស់ខ្លួន បណ្តាលឱ្យរងរបួសធ្ងន់ បន្ទាប់មកក៏ព្យាយាមរត់គេចខ្លួន អស់រយៈពេល១០ខែ ទីបំផុតវិលត្រឡប់ចូលស្រុកវិញ ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិទំនប់ទឹក ឃុំបវេល ស្រុកបវេល។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងលើ មានឈ្មោះហេង សៅលី អាយុ២៥ឆ្នាំ មានលំនៅក្នុងភូមិឃុំខាងលើ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកបវេលស្រាវជ្រាវ ចាប់ខ្លួនបានកាលពីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នៅចំណុចភូមិទំនប់ទឹក ឃុំបវេល ស្រុកបវេល និងត្រូវបានបញ្ជូនខ្លួនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ដើម្បីធ្វើការសាកសួរ។
លោកសុខ សារិន អធិការនគរបាលស្រុកបវេល បានបញ្ជាក់ប្រាប់ថា ការចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងដោយអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ២៣៣ ត.ព្រ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដោយសាលាដំបូងខេត្តបាត់ដំបង ដោយចោទពីបទហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧៕