Thursday, January 23, 2025
Homeព័ត៌មានជាតិបើកកាណូតសុខៗ បបួលភ្ញៀវចុះហែលទឹកលង់ស្លាប់

បើកកាណូតសុខៗ បបួលភ្ញៀវចុះហែលទឹកលង់ស្លាប់

ខេត្តកំពង់ធំ ៖ បុរសជាអ្នកបើកបរកាណូតដឹកភ្ញៀវទេសចរណ៍ម្នាក់ បានផឹកស្រាស្រវឹងអួទីនួ រួចក៏បើកកាណូតចាក់គួពេញផ្ទៃទឹក ធ្វើឱ្យភ្ញៀវភ័យលស់ព្រលឹងគ្រប់គ្នា បន្ទាប់មកស្រាប់តែឈប់កាណូតកណ្តាលផ្ទៃទឹក រួចលោតទឹកហែលលេងតែម្នាក់ឯង និងថែមទាំងបបួលភ្ញៀវចុះ ហែលលេងជាមួយគ្នាទៀតផង តែភ្ញៀវមិនព្រម ទីបំផុត ក៏លិចចូលក្នុងទឹកបាត់ខ្លួន១យប់ ទើបត្រូវបានគេប្រទះឃើញសពអណ្តែតទឹក។

ហេតុការណ៍ប្រទះឃើញសាកសពអណ្តែតទឹកខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចដំណេកសេក ក្នុងតំបន់វាលក្រោម ក្នុងទឹកដីឃុំស្រឡៅ ស្រុកបារាយណ៍ ខាងលិចផ្លូវជាតិលេខ៦ចម្ងាយប្រហែល១០គីឡូម៉ែត្រ។
ជនរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះផន ពន អាយុ២៩ឆ្នាំ មុខរបរធ្វើស្រែ តែឆ្លៀតពេលទំនេរ បើកកាណូតដឹកភ្ញៀវទេសចរណ៍ មានលំនៅក្នុងភូមិទួលពភ្លា ឃុំស្រឡៅ ស្រុកបារាយណ៍។
តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះត្រូវបានភ្ញៀវជួលឱ្យដឹកពួកគាត់ចំនួន៣នាក់ ទៅមើលទឹកទន្លេ ក្នុងនោះរួមមាន ទី១-ឈ្មោះផល សំភ័ស ភេទប្រុស អាយុ៣២ឆ្នាំ ទី២-ឈ្មោះផុន បូណា ភេទប្រុស អាយុ២២ឆ្នាំ និងទី៣-ឈ្មោះដា ស្រីមុំ ត្រូវជាប្រពន្ធឈ្មោះផុន បូណា។ ភ្ញៀវទាំង៣នាក់នេះរស់នៅភ្នំពេញ បាននាំគ្នាមកលេងស្រុកកំណើត ហើយក៏បានទៅ ជួលកាណូតឈ្មោះ ផន ពន ដើម្បីជិះកម្សាន្តទៅមើលទឹកទន្លេ កាលពីរសៀលម៉ោង១និង១០នាទីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។

ប្រភពដដែលបានបន្តថា រហូតដល់ម៉ោង៤រសៀលថ្ងៃដដែល ជនរងគ្រោះជាម្ចាស់កាណូតបើកទៅដល់ចំណុចទួលការ៉េ២ ចេញសំដៅទៅដំណេកសេក (ដែលជាកន្លែងលេងទឹក) និងជិះកាណូតមើលទឹកទន្លេ។ លុះដល់ពេលត្រឡប់មកវិញ ជនរងគ្រោះជាម្ចាស់កាណូត បានឆក់ស្រាពីភ្ញៀវយកមកផឹកអស់កន្លះដបទឹកសុទ្ធ រហូតដល់ស្រវឹង ក៏បើកកាណូតត្រឡប់មកវិញ ដោយបើកចាក់គួក្រលែងចុះឡើងពេញផ្ទៃទឹក ធ្វើឱ្យភ្ញៀវភ័យព្រលឹងចុងសក់គ្រប់គ្នា មិនតែប៉ុណ្ណោះ ជនរងគ្រោះនៅបានចុះងូតទឹកទន្លេលេងតែម្នាក់ឯង និងបានបបួលភ្ញៀវដែលជិះលើកាណូតនោះ ចុះមុជជាមួយខ្លួនដែរ តែភ្ញៀវមិនចុះមុជនោះទេ ព្រោះមិនចេះហែលទឹក។

បន្ទាប់ពីចុះងូតទឹកតែម្នាក់ឯង ដោយទុកភ្ញៀវចោលជិះនៅលើកាណូតនោះ ក្រុមភ្ញៀវក៏ព្យាយាមហៅ និងទាញដៃជនរងគ្រោះឱ្យឡើងមកលើកាណូតវិញដែរ ដើម្បីជូនពួកគាត់ត្រឡប់ទៅផ្ទះ ក៏ជនរងគ្រោះមិនព្រមឡើងមកដែរ ទុកឱ្យកាណូត និងអ្នកជិះអណ្តែតរសាត់ទៅតាមខ្យល់ ឆ្ងាយពីម្ចាស់កាណូតបាត់មើលមិនឃើញ។ ពេលនោះក៏មានអ្នកជិះកាណូតកម្សាន្តលេងមើលទឹកទន្លេដទៃទៀត គេឃើញកាណូតនោះអណ្តែត គ្មានអ្នកបើក ក៏ទូរសព្ទ័រាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាល ហើយនាយប៉ុស្តិ៍បានបញ្ជាឱ្យប្រជាការពារបើកកាណូតទៅយកកាណូត ដែលអណ្តែត នោះត្រឡប់មកវិញ ចំណែកជនរងគ្រោះជាម្ចាស់កាណូតត្រូវបានបងប្អូន និងនគរបាលប៉ុស្តិ៍ជួយរកដែរ តែរកមិនឃើញ រហូតដល់ព្រឹកថ្ងៃទី១៨ ខែកញ្ញា២០១៨ ទើបរកឃើញសពជនរងគ្រោះអណ្តែតទឹកទៅជាប់នឹងគល់ដើមកាស្យា ត្រង់ចំណុចដំណេកសេកជាកន្លែងកើតហេតុ៕

RELATED ARTICLES