Thursday, January 23, 2025
Homeព័ត៌មានជាតិខ្ចីម៉ូតូមិត្តភក្តិជិះមួយភ្លែត យកទៅដាក់បញ្ចាំបាត់

ខ្ចីម៉ូតូមិត្តភក្តិជិះមួយភ្លែត យកទៅដាក់បញ្ចាំបាត់

ខេត្តកណ្តាល ៖ បុរសម្នាក់ខ្ចីម៉ូតូមិត្តភក្តិ ធ្វើការនៅសិប្បកម្មផលិតទឹកកកជាមួយគ្នាថា ខ្ចីជិះទៅទិញអីហូបមួយភ្លែត បែរជាយកទៅដាក់បញ្ចាំ ត្រូវជនរងគ្រោះជាម្ចាស់ម៉ូតូប្តឹង សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកលៀបខណ្ឌជ្រោយចង្វា ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចនគរបាល ស្រុកខ្សាច់កណ្តាល កសាងសំណុំរឿងតាមនីតិវិធី កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅម្តុំសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

ប្រភពពីមន្ត្រីនគរបាលស្រុកខ្សាច់កណ្តាល បានឱ្យដឹងថា ជនរងគ្រោះឈ្មោះឈិន វិចិត្រ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសិប្បកម្មផលិតទឹកកក មានលំនៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះគឿន រដ្ឋា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសិប្បកម្មផលិតទឹកកក នៅភូមិ-ឃុំជាមួយជនរងគ្រោះ។ ចំណែកម៉ូតូបញ្ចាំនោះ ម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BC-1979។

ប្រភពដដែលបន្តថា កន្លងមក ជនរងគ្រោះ និងជនសង្ស័យបានមកធ្វើការជាកម្មករនៅសិប្បកម្មផលិតទឹកកកឱ្យឈ្មោះម៉េង ថុង ភេទប្រុស នៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ជាមួយគ្នា និងទុកចិត្តគ្នាណាស់។ លុះនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៦ល្ងាច ជនសង្ស័យបានខ្ចីម៉ូតូជនរងគ្រោះ ទៅទិញអីហូបមួយភ្លែត ដោយទុកចិត្តគ្នាក៏ព្រមឱ្យ បែរជាជនសង្ស័យបានយកទៅបញ្ចាំបាត់ ហើយព្យាយាមគេចខ្លួនរហូត។ លុះមក ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល។ បន្ទាប់មកនៅវេលាម៉ោង២រសៀល ថ្ងៃដដែល ជនរងគ្រោះឃើញជនសង្ស័យនៅម្តុំសង្កាត់ ព្រែកលៀប ក៏ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកលៀប ឱ្យជួយឃាត់ នាំមកប្រគល់ឱ្យសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល តែម្តង៕

RELATED ARTICLES