Thursday, January 23, 2025
Homeព័ត៌មានជាតិបង្ក្រាបទីតាំងហ្គេមបាញ់ត្រី ចាប់ខ្លួនមនុស្ស៦នាក់

បង្ក្រាបទីតាំងហ្គេមបាញ់ត្រី ចាប់ខ្លួនមនុស្ស៦នាក់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះ ស្លៀកពាក់ស៊ីវិល ចុះឆ្មក់ចូលបង្ក្រាបទីតាំងលួចលាក់ បើកហ្គេមបាញ់ត្រីមួយកន្លែង ដោយចាប់ឃាត់ខ្លួនក្រុមជួញដូរ និងប្រើប្រាស់ថ្នាំញៀន ប្រុសស្រីបាន៦នាក់ (នារី២នាក់ ជាអ្នកមើលការ ខុសត្រូវទីតាំងខាងលើផងដែរ) នាំមកចាត់ការតាមផ្លូវច្បាប់។

ប្រតិបត្តិការបង្ក្រាបទីតាំងហ្គេមបាញ់ត្រីចាប់បានសុទ្ធតែមនុស្សញៀនថ្នាំនេះ ធ្វើឡើងនៅម៉ោង១០យប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះល្វែងមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ៣៧១ ជិតគ្លីនិកសួគ៌ា ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលបង្ក្រាបទីតាំងហ្គេមបាញ់ត្រីនេះ មានពលរដ្ឋរាយការណ៍ថា គេឃើញក្មេងប្រុសជំទង់ៗ នាំគ្នាមកពពាក់ពពូនក្នុងផ្ទះល្វែង ដែលជាទីតាំងលួចលាក់បើកហ្គេមបាញ់ត្រីយ៉ាងសប្បាយ ដោយមានប្រមូលផ្តុំទៅដោយក្រុមជួញដូរ និងប្រើប្រាស់ថ្នាំញៀន។ ក្រោយពីទទួលសេចក្តីរាយការណ៍បែបនេះ កម្លាំងសមត្ថកិច្ចចម្រុះមួយក្រុមស្លៀកពាក់ស៊ីវិល បានឆ្មក់ចូលទីតាំងនេះ ឃាត់ខ្លួនមនុស្សប្រុសស្រីបាន៦នាក់។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យប្រុសស្រីទាំងនោះ ឡើងលើរថយន្ត រួចបើកចេញពីកន្លែងកើតហេតុបាត់អស់ មិនដឹងជានាំជនសង្ស័យទាំងនោះ ទៅធ្វើការសាកសួរនៅអង្គភាពរបស់សមត្ថកិច្ចមួយណាឡើយ បន្សល់ទុកតែទូហ្គេមបាញ់ត្រីនៅក្នុងផ្ទះល្វែងនោះប៉ុណ្ណោះ ហើយក៏គ្មាននរណាម្នាក់ដឹងថា ចំណាត់ការរបស់សមត្ថកិច្ចលើក្រុមជនសង្ស័យទាំងនោះ បែបណាដែរ។ ប៉ុន្តែកន្លងមក អ្នកបើកហ្គេមបាញ់ត្រី មិនសូវជាជាប់គុកឡើយ ព្រោះតែសមត្ថកិច្ច និងជនសង្ស័យសម្របសម្រួលគ្នាក្រៅសំណាញ់ច្បាប់៕

RELATED ARTICLES