Thursday, January 23, 2025
Homeព័ត៌មានជាតិស្ទាវដាច់យ៉ៃ៥នាក់ កោរសក់ស្លៀកស្បង់បន្លំជាសង្ឃនិមន្តបិណ្ឌបាត្រ

ស្ទាវដាច់យ៉ៃ៥នាក់ កោរសក់ស្លៀកស្បង់បន្លំជាសង្ឃនិមន្តបិណ្ឌបាត្រ

ភ្នំពេញ ៖ យុវជនឈាមរាវចំនួន៥នាក់ អត់មានការងារធ្វើ គ្មានលុយចាយវាយ ក៏ស្រាប់តែបែកគំនិតនាំគ្នាធ្វើសកម្មភាពកោរសក់ ស្លៀកស្បង់បន្លំធ្វើជាព្រះសង្ឃ និមន្តបិណ្ឌបាតតាមទីសាធារណៈ ដើម្បីរកប្រាក់យកមកចាយវាយ ទីបំផុត ក៏ត្រូវសមត្ថកិច្ចប្រទះឃើញមានការសង្ស័យក៏ឃាត់សួរនាំ ទើបដឹងថាជាសង្ឃក្លែងក្លាយ ក៏នាំទៅចាប់ផ្សឹក កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចវត្តបទុមវត្តី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជនសង្ស័យទាំង៥នាក់ ដែលនាំគ្នាកោរសក់ស្លៀកស្បង់ បន្លំជាសង្ឃ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនរួមមាន ទី១-ឈ្មោះរដ្ឋ ឈុន អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិក្បាលដំរី ឃុំរោលលើ ស្រុកជីក្រែង ខេត្តសៀមរាប បួសនៅវត្តសាលព្រឹក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះហឿង ហន អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិត្បែង ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បួសនៅវត្តនិគ្រោធល័ក្ខ (ជ្រៃហូរព្នៅ) ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទី៣-ឈ្មោះវណ្ណ វាសនា អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិឆ្កែកូន ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បួសនៅវត្តនិគ្រោធល័ក្ខ (ជ្រៃហូរព្នៅ) ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទី៤-ឈ្មោះផាត តុលា អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បួសនៅវត្តនិគ្រោធល័ក្ខ (ជ្រៃហូរព្នៅ) ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងទី៥-ឈ្មោះគឺម លីម៉ន អាយុ ១៨ឆ្នាំ មានស្រុកកំណើតនៅភូមិដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត បួសនៅវត្តនិគ្រោធល័ក្ខ (ជ្រៃហូរព្នៅ)។

លោកគឹម វុត្ថា ប្រធានប្រជាការពារខណ្ឌដូនពេញ បានឱ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌដូនពេញថា មានព្រះសង្ឃចំនួន៥អង្គ បានដើរបិណ្ឌបាត្រនៅតាមទីសាធារណៈ និងជាពិសេសទៀតបានចូលបិណ្ឌបាតនៅតាមផ្សារទៀត ទើបកម្លាំងប្រជាការពារខណ្ឌដូនពេញ បានចុះទៅឃាត់សង្ឃទាំង៥អង្គនោះមកសួរនាំ ទើបដឹងថា តាមពិតគឺជាសង្ឃក្លែងក្លាយ ក៏បញ្ជូនទៅផ្សឹកនៅវត្តបទុមវតី រួចរាល់ហើយ ទើបបញ្ជូនទៅអប់រំនៅសាលាខណ្ឌដូនពេញ ឱ្យឈប់ប្រព្រឹត្តដូច្នេះតទៅទៀត ទើបអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ ដោយមិនចាត់ការតាមនីតិវិធីនោះទេ៕

RELATED ARTICLES