Thursday, January 23, 2025
Homeព័ត៌មានជាតិលែងគ្នាជាង១ឆ្នាំ ខឹងប្រពន្ធមិនព្រមរួមស្នេហ៍វិញ ប្តីចាំជះទឹកអាស៊ីដ

លែងគ្នាជាង១ឆ្នាំ ខឹងប្រពន្ធមិនព្រមរួមស្នេហ៍វិញ ប្តីចាំជះទឹកអាស៊ីដ

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ បានលែងលះគ្នាជាមួយប្រពន្ធវ័យក្មេងអស់រយៈពេលជាង១ឆ្នាំមកហើយ តែដោយនឹកស្តាយសាច់សខ្ចី ប្រពន្ធក៏ចេះតែតាមអង្វរសុំត្រូវរ៉ូវគ្នាវិញ តែខាងស្រីមិនព្រម ទើបធ្វើឱ្យបុរសជាប្តីខឹង ក៏ធ្វើសកម្មភាពតាមជះទឹកអាស៊ីដដាក់ប្រពន្ធម្តងរួចមក ហើយតែមិនបានសម្រេច លុះលើកទី២ក៏ទៅអង្គុយចាំឃ្លាំមើលប្រពន្ធចេញពីធ្វើការ នឹងអាលជះទឹកអាស៊ីតដាក់ទៀត តែត្រូវស្ត្រីជាប្រពន្ធប្រទះឃើញមុន មានការសង្ស័យ ក៏ប្តឹងសមត្ថកិច្ចឱ្យចុះសួរនាំ សុំឆែកឆេរ ក៏ប្រទះឃើញដបទឹកអាស៊ីដនៅលើម៉ូតូ ទើបចាប់វាយខ្នោះនាំយកទៅចាត់ ការតាមច្បាប់។

ហេតុការណ៍ប្តីឃ្លាំចាំជះទឹកអាស៊ីដដាក់ប្រពន្ធ តែត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានមុននេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្បែរហាងខារ៉ាអូខេយីហោ យេស តាមបណ្តោយ ផ្លូវលេខ១៤៣ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

ជនសង្ស័យដែលប៉ុនប៉ងជះទឹកអាស៊ីដដាក់ប្រពន្ធ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ស៊ឺង អាយុ៥១ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅក្នុងរាជធានីភ្នំពេញ។ ចំណែកនារីរងគ្រោះ មិនប្រាប់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា បម្រើការក្នុងហាងខារ៉ាអូខេខាងលើ និងស្នាក់នៅក្នុងរាជធានីភ្នំពេញដូចគ្នា។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា រវាងនាង និងបុរសចំណាស់ខាងលើ ធ្លាប់ជាប្តីប្រពន្ធនឹងគ្នា តែបានត្រឹមសែនព្រេនយកគ្នាជាប្តីប្រពន្ធប៉ុណ្ណោះ មិនមានខាន់ស្លាអ្វីទេ ដោយសារតែប្តីនេះ មានប្រពន្ធនៅឡើយ។ ក្រោយពីរួមរស់នឹងគ្នា ឃើញថា ពួកនាងមិនសូវចុះសម្រុងនឹងគ្នាសោះ ចំណែកប្តីចូលចិត្តប្រចែប្រចណ្ឌខុសរឿងច្រើន និងឧស្សាហ៍វាយតប់នាងខ្លាំងពេក ទើបនាងមិនអាចទ្រាំបាន ក៏សម្រេចចិត្តលែងលះគ្នា គិតមកដល់សព្វថ្ងៃ មានរយៈពេលជាង១ឆ្នាំមកហើយ។

នារីរងគ្រោះបន្តថា ក្រោយមក បុរសជាប្តីនេះ តែងតែតាមអង្វរសុំត្រូវរ៉ូវជាមួយនាងវិញ ប៉ុន្តែនាងមិនអាចវិលទៅរួមរស់នឹងប្តីនេះបានទៀតឡើយ ព្រោះដោយសារដឹងច្បាស់ថា ប្តីម្នាក់នេះ មិនអាចកែចរិតកោងកាចនោះបានឡើយ ហេតុនេះហើយទើបប្តីនេះ បែរជាចងគំនុំនឹងគ្នា តាមធ្វើបាបនាង ដោយប៉ុនប៉ងជះទឹកអាស៊ីដបំផ្លាញសម្រស់ និងអនាគតនាងបែបនេះតែម្តង។

នារីរងគ្រោះ បានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ ខណៈដែលនាងកំពុងជិះម៉ូតូកង់បីតាមផ្លូវ ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FQ-7840 ឌុបគ្នាជិះតាមពីក្រោយនាង រួចក៏ធ្វើសកម្មភាពជះទឹកអាស៊ីតមកលើរូបនាង នៅក្បែរខារ៉ាអូខេ យេស តែភ្លាមនោះ ត្រូវនាងដឹងខ្លួនទាន់ ក៏លោតចេញពីម៉ូតូកង់បីគេចផុត ធ្វើឱ្យទឹកអាស៊ីដខ្ទាតត្រូវដំបូលម៉ូតូកង់បី បណ្តាលឱ្យរលួយខ្ទេច ហើយភ្លាមនោះជនសង្ស័យទាំង២នាក់ ក៏បានជិះម៉ូតូគេចខ្លួនបាត់ ដោយកាលណោះ នាងបានយកទូរស័ព្ទថតបានពីចម្ងាយទុកដែរ តែមិនបានប្តឹងផ្តល់អ្វីទេ។

នារីរងគ្រោះ បានបញ្ជាក់ថា ស្រាប់តែមកដល់វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ក៏មាននារីម្នាក់ជាមិត្តភក្តិរបស់នាង បានទូរស័ព្ទប្រាប់នាងថា ឃើញបុរសសង្ស័យខាងលើ ដែលជាអតីតប្តីរបស់នាង មកអង្គុយនៅលើម៉ូតូក្បែរខារ៉ាអូខេ យេស ដោយចេះតែងាកមើលឆ្វេងស្តាំ គួរសង្ស័យណាស់។ ភ្លាមនេះ នាងក៏ប្រញាប់ ទូរស័ព្ទទៅបងប្រុសរបស់នាងឱ្យជិះទៅមើល បន្ទាប់មកបង ប្រុសនាងបានជិះទៅមើល ឃើញបុរសដែលជាប្តីរបស់នាងកំពុងអង្គុយក្បែររទេះលក់សាច់គោអាំង ពិតប្រាកដមែន ទើបរូបនាងបានហៅទូរស័ព្ទ ទៅលេខ ០១២ ៩៩៩ ៩៩៩ ដែលជាលេខប្រចាំបញ្ជារបស់ស្នងការក្រុង រួចរាយការណ៍ប្រាប់ពីដំណើររឿង មួយសន្ទុះក្រោយក៏ឃើញកម្លាំងល្បាតប៉ុស្តិ៍នគរបាលវាលវង់ បានចុះមកដល់ រួចធ្វើការសាកសួរ ហើយសុំឆែកឆេរបុរសជាប្តីនោះ ស្រាប់តែឃើញមានដបទឹកអាស៊ីដ ទុកនៅលើម៉ូតូ មែន ទើបសមត្ថកិច្ចចាប់វាយខ្នោះប្តីកំណាចរូបនោះ នាំយកទៅសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេពិតជាប៉ុនប៉ងជះទឹកអាស៊ីដដាក់ប្រពន្ធ (នារីរងគ្រោះ) ប្រាកដមែន ហើយទឹកអាស៊ីដដែលនៅលើម៉ូតូនោះ រូបគេបានទៅទិញនៅកន្លែងលក់អាគុយ បំណងយកមកគំរាមប្រពន្ធ។ លុះសមត្ថកិច្ចសួរនាំថា តើកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ ម៉ូតូរបស់ខ្លួន ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FQ-7840 បានឱ្យអ្នកណាខ្ចីជិះទេ? ជនសង្ស័យបានឆ្លើយថា អត់ទេ។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយប្រាប់សមត្ថកិច្ចថា មុនពេលឃាត់ខ្លួន ម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៨ ខែកញ្ញា ២០១៨ រូបគេបានជិះម៉ូតូខាងលើចេញពីផ្ទះសំណាក់ Lucky មកចំណុចខារ៉ាអូខេ យេស ដើម្បីតាមដានប្រពន្ធ (នារីរងគ្រោះ) ដោយបានដាក់ទឹកអាស៊ីដ ក្នុងកែវជ័រដាក់តាមម៉ូតូ លុះពេលមកដល់ រូបគេបានអង្គុយផឹកស្រាបៀរអស់២-៣កំប៉ុង រហូតដល់ម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨  ស្រាប់តែបងប្រុសរបស់នារីរងគ្រោះ និងសមត្ថកិច្ចចុះមកឃាត់ខ្លួន យកទៅប៉ុស្តិ៍តែម្តង៕

RELATED ARTICLES