ខេត្តកណ្តាល ៖ បុរសល្មោភកាមម្នាក់ក្រោយពីផឹកស្រាថ្នាំស្រវឹង ឃើញស្ត្រីម្នាក់ចោមពុងសារុងងូតទឹក ក៏កើតមានអារម្មណ៍ក្តៅរោលរាល ស្ទុះចូលទៅចាប់ឱបថើបញក់ញី ប្រុងចាប់រំលោភទាំងកំរោល តែត្រូវកូនរបស់ស្ត្រីរងគ្រោះស្រែកឆោឡោ ទើបធ្វើឱ្យជនសង្ស័យភ័យរត់គេចខ្លួនបាន១យប់ ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះនាំយកមកចាត់ការតាមច្បាប់។
ករណីប្រុសព្រានឃើញស្ត្រីចោមពុងងូតទឹក ស្ទុះចូលចាប់រំលោភតែមិនសម្រេចនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងសហគមន៍ភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ។
ជនសង្ស័យល្មោភកាម ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះភាព សុភ័ក្រ អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅក្នុងភូមិ ផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញាឮ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះស.ណ អាយុ៣១ឆ្នាំ មុខរបរស៊ីឈ្នួលបោកខោអាវឱ្យគេ មានលំនៅក្នុងសហគមន៍កើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យបានទៅអង្គុយផឹកស្រាថ្នាំនៅក្រោមផ្ទះរបស់ស្ត្រីរងគ្រោះតែម្នាក់ឯង លុះពេលផឹកស្រាអស់ ជនសង្ស័យក៏ដើរចេញមកក្រៅបានបន្តិច ក៏ដើរចូលទៅក្រោមផ្ទះជនរងគ្រោះវិញ គាប់ជួនពេលនោះស្ត្រីរងគ្រោះបានចោមពុងចូលទៅងូតទឹកនៅក្នុងបន្ទប់ទឹកតែម្នាក់ឯង ស្រាប់តែពេលជនសង្ស័យប្រទះឃើញ ក៏កម្រើកអារម្មណ៍តណ្ហាពុះកញ្ជ្រោលខ្លាំងពេក ទប់មិនជាប់ ក៏បានធ្វើសកម្មភាពចូលទៅក្នុងបន្ទប់ទឹកចាប់ឱបស្ត្រីរងគ្រោះ ថើបញក់ញី ប្រុងរំលោភ តែសំណាងល្អ ត្រូវកូនប្រុសរបស់ស្ត្រីរងគ្រោះដែលមានអាយុប្រហែល៣ឆ្នាំ ប្រទះឃើញស្រែកយំ ទើបធ្វើឱ្យជនសង្ស័យភ័យខ្លួន ក៏លែងស្ត្រីរងគ្រោះវិញ រួចដើរចេញមកក្រៅគេចខ្លួនបាត់តែម្តង។
រហូតមកដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលភ្នំបាត ទើបសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វីដែលស្ត្រីរងគ្រោះចោទប្រកាន់ប្រាកដមែន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕