ខេត្តបាត់ដំបង ៖ បុរសកំណាចជាប្តីម្នាក់ បានទារលុយថ្លៃលក់ម៉ូតូពីប្រពន្ធ បំណងយកទៅទិញថ្នាំញៀន យកមកប្រើប្រាស់ លុះប្រពន្ធប្រាប់ថា អត់មានលុយឱ្យទេ ក៏ផ្ទុះកំហឹង ស្ទុះទៅហក់ធាក់ រួចចាប់វាយដំជាន់កប្រពន្ធស្ទើរស្លាប់ស្ទើររស់។
ហេតុការណ៍អំពើហ្សិដា៏ឃោរឃៅនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង០៥នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន។ រហូតមកដល់វេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ទើបសមត្ថកិច្ចបានចាប់ខ្លួនជនដៃដល់ជាប្តីនាំយកមកចាត់ការតាមច្បាប់។
ជនបង្កហេតុជាប្តី ដែលវ៉ៃជាន់កប្រពន្ធស្ទើរស្លាប់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉ន សំអាន អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះសិ វឿន អាយុ២៧ឆ្នាំ មុខរបរកសិករ ស្នាក់នៅផ្ទះជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមគ្រួសារខាងលើទើបនឹងលក់ម៉ូតូ១គ្រឿង លុះបានលុយ ក៏ត្រូវស្ត្រីជាប្រពន្ធយកមកទុកខ្លះ ចំណែកខ្លះទៀតត្រូវប្តីយកទៅដើរចាយវាយផឹកស៊ី ជក់ថ្នាំញៀនអស់ទៅហើយ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ បុរសជាប្តីកំណាចក៏បានត្រឡប់ចូលផ្ទះវិញ រួចទាមទាររកលុយលក់ម៉ូតូពីប្រពន្ធ បំណងយកទៅទិញថ្នាំញៀនជក់ តែស្ត្រីជាប្រពន្ធ មិនព្រមឱ្យ ទើបធ្វើឱ្យជនដៃដល់ជាប្តី ផ្ទុះកំហឹងក៏ស្ទុះទៅប្រើហិង្សាវាយតប់ជាន់កប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់ ប៊ិះស្លាប់តែម្តង។
ក្រោយពីវ៉ៃដំប្រពន្ធឱ្យរងរបួសធ្ងន់ហើយ បុរសជាប្តីកំណាច បានព្យាយាមរត់គេចខ្លួនបាត់ស្រមោល។ ចំណែកស្ត្រីរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
រហូតមកដល់វេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ទើបសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យជាប្តីបាន នាំយកមកសួរនាំ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕