ខេត្តព្រៃវែង ៖ ព្រះចៅអធិការវត្តមួយអង្គ ដែលមានតួនាទីជាមន្ត្រីសង្ឃផងនោះ ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា បាននាំស្រីស្នេហ៍ចូលមកដេកដល់កុដិនៅក្នុងវត្តជាញឹកញាប់ និងត្រូវបានពុទ្ធបរិស័ទចំណុះជើងវត្ត ប្រទះឃើញខាងស្រីជិះម៉ូតូចេញពីកុដិទាំងវេលាទៀបភ្លឺ ក៏ដេញស្ទាក់ឃាត់សួរនាំរួចប្រគល់ទៅឱ្យសមត្ថកិច្ច ធ្វើកំណត់ហេតុជាង១០ថ្ងៃមកហើយ ប៉ុន្តែទាំងសមត្ថកិច្ច ក៏ដូចជាខាងមន្ត្រីធម្មការ ហាក់មិនមានចំណាត់ការអ្វីទៅលើព្រះសង្ឃខាងលើ រួមនឹងស្ត្រីជាស្រីស្នេហ៍នោះសោះ ជាហេតុធ្វើឱ្យពុទ្ធបរិស័ទ អស់ជំនឿ និងខកចិត្តយ៉ាងខ្លាំង។
ព្រះសង្ឃដែលទទួលរងការចោទប្រកាន់ពីពុទ្ធបរិស័ទថា បានលួចលាក់ទាក់ទងស្រីញី និងថែមទាំងនាំគ្នាមកដេកដល់កុដិក្នុងវត្តទៀតនោះ មានព្រះនាម វង្ស វិសាល ជាចៅអធិការវត្តសុគន្ធារាម ហៅវត្តត្រពាំងស្គន់ មានទីតាំងស្ថិតក្នុងភូមិត្រពាំងស្គន់ ឃុំស្មោងខាងជើង ស្រុកកំចាយមារ។ ក្រៅពីជាព្រះចៅអធិការវត្តហៅ ព្រះសង្ឃ វង្ស វិសាល ក៏ជាមន្ត្រីសង្ឃផងដែរ ដោយមានតួនាទីជាអនុគណស្រុកកំចាយមារ។ ចំណែកភាគីនារីជាស្រីស្នេហ៍ មានឈ្មោះវិន បវរ អាយុជាង៣០ឆ្នាំ មានលំនៅក្នុងភូមិពានភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ។
តាមប្រភពពីពុទ្ធបរិស័ទចំណុះជើងវត្តសុគន្ធារាម ហៅវត្តត្រពាំងស្គន់ បានរៀបរាប់ប្រាប់ថា តាមពិតប្រជាពលរដ្ឋ រួមទាំងគណៈកម្មការវត្តសុទ្ធតែបានដឹងថា ព្រះសង្ឃ វង្ស វិសាល ចៅអធិការវត្តត្រពាំងស្គន់ បានទាក់ទងស្នេហាជាមួយនារីឈ្មោះវិន បវរ ជាយូរមកហើយ គ្រាន់តែគ្មានភ័ស្តុតាងប៉ុណ្ណោះ។ ជារៀងរាល់យប់ គេបានតាមដានដឹងថា នារីខាងលើតែងជិះម៉ូតូចូលមកដេកនៅក្នុងកុដិព្រះចៅអធិការវត្តនៅវេលាក្បាលព្រលប់ លុះដល់វេលាម៉ោង៤-៥ទៀបភ្លឺ ទើបជិះម៉ូតូចេញពីវត្តត្រឡប់ទៅផ្ទះវិញ។
ប្រភពដដែលបន្តថា ជាក់ស្តែង កាលពីជាង១០ថ្ងៃមុន នៅវេលាម៉ោងប្រមាណ៥ទៀបភ្លឺ ពុទ្ធបរិស័ទ្ធ ដែលមានផ្ទះនៅទល់មុខវត្តត្រពាំងស្គន់ បានប្រទះឃើញនារីជាស្រីស្នេហ៍ខាងលើ ជិះម៉ូតូចេញពីកុដិព្រះចៅអធិការវត្ត ទើបនាំគ្នាស្ទាក់ឃាត់សួរនាំ រួចក៏ប្តឹងឱ្យសមត្ថកិច្ច ក៏ដូចជា អាជ្ញាធរមូលដ្ឋានចាត់វិធានការដែរ តែសមត្ថកិច្ចបានត្រឹមចុះធ្វើកំណត់ហេតុប៉ុណ្ណោះរួចក៏ស្ងាត់ទៅវិញ។
រហូតមកដល់ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ទើបឃើញមន្ត្រីធម្មការ និងអាជ្ញាធរស្រុកកំចាយមារ បានបើកកិច្ចប្រជុំមួយនៅសាលាស្រុក។ ក្រោយបញ្ចប់ការប្រជុំនេះ ពលរដ្ឋបានសម្តែងការខកចិត្តជាខ្លាំង ព្រោះថាការប្រជុំនេះមិនបានរកដំណោះស្រាយ ឬមានចំណាត់ការអ្វីទៅលើព្រះសង្ឃ វង្ស វិសាល ទេ ថែមទាំងបិទការតវ៉ាទាំងអស់ទៀតផង។ ទាំងដែលនៅចំពោះមុខសមត្ថកិច្ច ភាគីខាងស្រីឈ្មោះវិន បវរ បានបំភ្លឺថា នាងពិតជាបានដេកនៅក្នុងកុដិលោកមែន ប៉ុន្តែមិនបានរួមភេទទេ។
លោកសឿង សុជាតិ អភិបាលស្រុកកំចាយមារ បានលើកឡើងថា រឿងនេះពុទ្ធបរិស័ទមួយចំនួន ដែលចោទព្រះសង្ឃនោះ គឺតាមដានមិនច្បាស់អត់ជាក់ស្តែង ខណៈកុដិលោកមាននេនៗសឹងនៅទីនោះដែរ។ ចំណែកព្រះសង្ឃ និងនារីនោះបានអះអាងថា មិនបានរួមភេទ ឬធ្វើខុសវិន័យឡើយ៕