ភ្នំពេញ ៖ ហាងម៉ាស្សា១កន្លែង ដែលបានលួចលាក់បង្កប់សេវាបម្រើផ្លូវភេទ ត្រូវបានសមត្ថកិច្ចជំនាញ ឆ្មក់ចុះបង្ក្រាប ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៧នាក់ កាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះលេខ 360Eo តាមបណ្តោយផ្លូវ២០១១ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
មនុស្សទាំង៧នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនរួមមាន ទី១-ឈ្មោះម៉ុន ចំរើន ភេទប្រុស អាយុ៤១ឆ្នាំ ជាថៅកែហាងម៉ាស្សា ទី២-ឈ្មោះហ៊ុន ស្រីអន ភេទស្រី អាយុ២១ឆ្នាំ ជាប្រពន្ធថៅកែហាង ទី៣-ឈ្មោះស ស្រីនិច ភេទស្រី អាយុ១៧ឆ្នាំ ជានារីម៉ាស្សា ទី៤-ឈ្មោះសេង ទី ភេទស្រី អាយុ២០ឆ្នាំ ជានារីម៉ាស្សា ទី៥-ឈ្មោះណុប ស្រីពេជ្រ ភេទស្រី អាយុ២២ឆ្នាំ ជានារីម៉ាស្សា ទី៦-ឈ្មោះសុះ សីណា ភេទស្រី អាយុ២៤ឆ្នាំ ជានារីម៉ាស្សា និងទី៧-ឈ្មោះរិទ្ធី រុំ ភេទស្រី អាយុ២៤ឆ្នាំ ជានារីម៉ាស្សា។ អ្នកទាំង៧ខាងលើ ធ្វើការ និងស្នាក់នៅក្នុងហាង ម៉ាស្សា ស្ថិតក្នុងទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបខាងលើ។
លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ប្រាប់ថា ប្រតិបត្តិការបង្ក្រាបហាងម៉ាស្សាបង្កប់សេវាផ្លូវភេទខាងលើនេះ ធ្វើឡើងដោយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងនាយកដ្ឋានជួញដូរ និងការពារអនីតិជន ដោយមានការសម្របសម្រួលពីលោកកុល បុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
លោកអធិការរងបញ្ជាក់ថា ក្រៅពីឃាត់ខ្លួនថៅកែហាង២នាក់ប្តីប្រពន្ធ រួមនឹងនារីម៉ាស្សា៥នាក់ខាងលើរួចមក សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន រួមមានឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន៤ ស្រោមអនាម័យប្រើប្រាស់ហើយ និងមិនទាន់ប្រើមួយចំនួន ព្រមទាំងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្នថៅកែប្តីប្រពន្ធនិងស្ត្រីម៉ាស្សា រួមទាំងនារីម៉ាស្សាទាំង៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅឯនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីរង់ចាំធ្វើការចាត់ការទៅតាមនីតិវិធី៕