Wednesday, January 22, 2025
Homeព័ត៌មានជាតិប្តីមានស្រី ខឹងប្រពន្ធទារលែងលះ បើករថយន្តបំបុករបាំងដែក

ប្តីមានស្រី ខឹងប្រពន្ធទារលែងលះ បើករថយន្តបំបុករបាំងដែក

ខេត្តព្រៃវែង ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅលើ កំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងលិចស្ថានីយថ្លឹងរថយន្តអ្នកលឿង ស្ថិតក្នុងភូមិ១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍។
បុរសជាប្តីដែលបើករថយន្តបំបុករបាដែក មានឈ្មោះហ៊ាង សុហេង អាយុ៣៧ឆ្នាំ មុខរបរជាវិស្វករ មានប្រពន្ធឈ្មោះភីម សុភ័ណ្ឌ អាយុ៣៣ឆ្នាំ។ ប្តីប្រពន្ធអ្នកទាំង២ មានលំនៅក្នុងបុរីពិភពថ្មី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសម្តីរបស់ស្ត្រីជាប្រពន្ធ បានរៀបរាប់ប្រាប់ថា រូបនាងនិងប្តីបានរៀបការជាមួយគ្នាជិត៧ឆ្នាំមកហើយ តែមិនទាន់មានកូនមួយគ្រាប់ សម្រាប់បន្តពូជពង្សនៅឡើយ តែក៏មិនដែលឈ្លោះប្រកែកគ្នាអ្វីធំដុំដែរ។ ស្រាប់តែថ្មីៗនេះ នាងបានតាមដានដឹងថា ប្តីរបស់នាងបានលួចទៅមាន ស្រីកំណាន់ម្នាក់ ក្រោយពីដឹងហើយ នាងក៏មិនបានរករឿងប្តីអ្វីខ្លាំងដែរ តែបានប្រាប់ឱ្យប្តីផ្តាច់ទំនាក់ទំនងពីស្រីនោះតាមសម្រួល តែប្តីមិនត្រឹមតែ មិនព្រមឈប់ទាក់ទងស្រីស្នេហ៍នោះទេ បែរជាសុំនាងយកទាំង២នាក់ទៅវិញ ប៉ុន្តែនាងមិនព្រម ព្រោះថា នំចំណីអាចចែកគេឯងហូបបាន ប៉ុន្តែប្តីមិនអាចប្រើរួមគ្នាជាមួយស្រីផ្សេងបាននោះទេ។ ដោយសារតែប្តីនេះ នៅតែប្រកាន់ចិត្តមិនព្រមបែកពីស្រីស្នេហ៍នោះ ទើបនាងឈឺចាប់ខ្លាំងពេក ក៏ហៅប្តីឱ្យបើកឡានជូននាងទៅកាន់ស្រុកកំណើតនៅផ្សារកំពង់សឹង្ហ ស្រុកព្រះស្តេច ដើម្បីលែងលះគ្នា។

ស្ត្រីជាប្រពន្ធរូបនេះបន្តថា នៅពេលចេញពីភ្នំពេញមក ប្តីប្រពន្ធនាងមិនបានឈ្លោះប្រកែកគ្នាទេ តែពេលឆ្លងស្ពានអ្នកលឿងផុត នាងនឹក ឃើញប្តីប្រពន្ធស្រឡាញ់គ្នារៀបការរួមរស់ជាមួយគ្នាជិត៧ឆ្នាំ បែរជាមកត្រូវលែងលះគ្នាបែបនេះ គិតចុះគិតឡើងឈឺចិត្តពេក នាងក៏យកខ្នើយ ក្នុងឡានមកខ្ទប់មុខយំ ស្រាប់តែលឺសំឡេងបុកគ្រាំង លុះពេលនាងដកខ្នើយចេញ ក៏ឃើញឡានបុករបាំងដែកបាត់ទៅហើយ ទើបនាងស្រវា សោឡានកាច់ពន្លត់ ហើយក៏ត្រូវប្តីនាងដណ្តើមយកវិញ និងចាប់នាងអូសចេញពីឡាន រួចបើកឡានត្រឡប់ទៅភ្នំពេញវិញ បាត់ទុកនាងឱ្យនៅលើ អង្គុយយំលើថ្នល់តែម្នាក់ឯង ចំណែកប្តីបន្សល់ទុកស្លាកលេខរថយន្ត ដែលធ្លាក់ជ្រុះនៅកន្លែងកើតហេតុ និងធ្វើឱ្យកើតមានការផ្អើលឆោឡោ ចោម រោមមើលពីសំណាក់ប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាកហាយប៊្រីត ពណ៌ទឹកមាស ពាក់ស្លាក លេខ ភ្នំពេញ 2R-1670 បើកបរដោយបុរសម្នាក់ និងរួមដំណើរដោយនារីម្នាក់ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅ កើត (ពីភ្នំពេញ ទៅអ្នកលឿង)។  លុះមកដល់ចំណុចកើតហេតុខាងលើ មិនដឹងជាយ៉ាងម៉េច ស្រាប់តែរថយន្តខាងលើបានរេចង្កូតទៅបុករបាំង ដែកអមសងខាងផ្លូវទាំងកំរោលតែម្តង ប៉ុន្តែសំណាងល្អ រថយន្តមិនបានធ្លាក់ចេញពីផ្លូវនោះទេ ពុំនោះទេ ច្បាស់ជាបង្កគ្រោះថ្នាក់ធំមិនខាន ឬអាច ថាប៉ះពាល់ដល់អាយុជីវិតមនុស្សទៀតផងក៏មិនដឹង៕

RELATED ARTICLES