ខេត្តក្រចេះ៖ ករណីរំលោភសេពសន្ថវៈលើក្មេងស្រីខាងលើនេះ បានកើតឡើងជាច្រើនខែមកហើយ នៅចំណុចលើផ្ទះស្នាក់នៅរបស់ជនសង្ស័យ ស្ថិតក្នុងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី។
ជនសង្ស័យល្មោភកាមឈ្មោះសេ ហ៊ីម អាយុ២៧ឆ្នាំ មុខរបរកម្មករក្នុងក្រុមហ៊ុន ដូទឺសាយហ្គន (ឌីធី) មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ១៤ឆ្នាំ ស្នាក់នៅផ្ទះជាមួយគ្នា និងត្រូវជាប្អូនថ្លៃរបស់ជនសង្ស័យ។
តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីពេលកន្លងមក (មិនចាំថ្ងៃខែច្បាស់) ខណៈដែលនាងនៅផ្ទះតែម្នាក់ឯង ជនសង្ស័យឈ្មោះសេ ហ៊ីម ត្រូវជាបងថ្លៃ បានចាប់ខ្ទប់មាត់ រូចអូសនាងចូលទៅក្នុងបន្ទប់របស់ជនសង្ស័យ រួចក៏បានធ្វើសកម្មភាពចាប់រំលោភនាងទាំងកំរោលរហូតដល់បានសម្រេច ទោះជានាងប្រឹងអង្វរកយ៉ាងណាក៏ជនសង្ស័យ មិនព្រមលើកលែងឱ្យដាច់ខាត។
ក្មេងស្រីរងគ្រោះបន្តថា ឱ្យតែមានឱកាសស្ងាត់ល្អ ជនសង្ស័យតែងចាប់រំលោភនាងជាបន្តបន្ទាប់ រហូតដល់បានសម្រេច សរុបទៅចំនួន៧ដង និងតែងគំរាមផង លួងលោមផង មិនឱ្យនាងនិយាយរឿងនេះប្រាប់អ្នកណាដាច់ខាត។ រហូតដល់ចុងក្រោយ នាងទ្រាំនឹងទង្វើបងថ្លៃល្មោភកាមរូបនេះតទៅទៀតលែងបាន ទើបនាងសម្រេចចិត្តរត់ទៅប្តឹងកម្លាំងអាវុធហត្ថ រហូតឈានដល់ការចាប់ខ្លួនបាននៅវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃខែដដែលនោះ៕