ខេត្តសៀមរាប ៖ ហេតុការណ៍ឃាត់ខ្លួនអ្នកកាសែត២នាក់ខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះស៊ាន សុខា ហៅពៅ ហៅសានពៅ អាយុ៤៣ឆ្នាំ មុខរបរ អ្នកសារព័ត៌មានគេហទំព័រការពិត ស្នាក់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប និង២-ឈ្មោះគឹម ហាន អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូ ឌុប (ជាអ្នកដើរយកលុយ) ស្នាក់នៅភូមិទ្រាំង សង្កាត់ស្លរក្រាម ក្រុងសៀមរាប។ អ្នកទាំងពីរ បានដើរធ្វើសកម្មភាពយកឈ្មោះលោកធូ ចន្តុល ជាមន្ត្រីនៃការិយាអន្តរវិស័យរបស់សាលាខេត្តសៀមរាប កុហកបោកប្រាស់ប្រជាពលរដ្ឋដែលជាម្ចាស់អាជីវកម្មជាច្រើនក្នុងខេត្តសៀមរាប ថា លោកធូ ចន្តុល ឱ្យមកយកស្រាបៀរដើម្បីយកទៅជប់លៀងនៅសាលាខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខ បានបញ្ជាក់ប្រាប់ថា ដោយពលរដ្ឋមានការសង្ស័យ រាយការណ៍ មកសមត្ថកិច្ចមូលដ្ឋានថា មានជនសង្ស័យ២នាក់បានយកឈ្មោះថ្នាក់ដឹកនាំខេត្ត ជិះម៉ូតូដើរសុំលុយ និងសុំស្រាបៀរពីអាជីវករនៅក្នុងសង្កាត់សាលា កំរើក ខណៈនោះលោកបានខលទៅសួរខាងសាលាខេត្តថា នៅសាលាខេត្តមានជប់លៀងដែរឬអត់? ហើយខាងនោះបានឆ្លើយវិញថា អត់មានទេ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា រូបគេទាំង២ពិតជាបានយកឈ្មោះលោកធូ ចន្តុល ជាមន្ត្រីសាលា ខេត្តសៀមរាប ទៅកុហកអាជីវករលក់ដូរ ដើម្បីយកស្រាបៀរចំនួន៧កេសពិតប្រាកដមែន៕