លោកគួច ខេវិន ដែលជាអ្នកផលិតកម្មវិធីទូរទស្សន៍ជាន់ខ្ពស់ម្នាក់នោះ បាននិយាយហាក់មិនសប្បាយចិត្តឡើយ នៅពេលដែលឃើញ Page ថៃ មួយលើកឡើងថា ឈុតតំណាងជាតិរបស់ Miss Grand Cambodia នោះថា ជាឈុតចម្លងពីថៃ ទៅវិញ។
លោកគួច ខេវិន ដែលជាអ្នកគ្រប់គ្រងកម្មវិធី “Anchor Fun Zone” របស់ទូរទស្សន៍ PNN នោះ បានថ្លែងសារថា “ខ្មែរ ពិតជាសម្បូរហូរហៀរទៅដោយមរតកបេតិកភណ្ឌ និងវប្បធម៌។ ក៏ដោយសារតែភាពហូរហៀរនេះហើយ ទើបធ្វើឱ្យខ្មែរ ពិបាកថែ ពិបាករក្សា ពិបាកចែកចាយឱ្យកូនចៅជំនាន់ក្រោយៗ រួចក៏ទុកឱ្យគេលួច គេប្លន់ ឱ្យគេរើសយកទៅធ្វើជាសម្បត្តិរបស់គេទៅវិញ ចំណែកខ្លួនជាម្ចាស់មរតកដ៏សំបូរបែប ក៏បណ្តោយកូនចៅឱ្យទៅលួចចម្លងវប្បធម៌ជាតិគេទាំងងងឹតងងល់ មកពង្វក់ខ្មែរតជំនាន់ ហើយថែមទាំងនៅអួតក្អេងក្អាងខុសទំនង”។
ប្រសិនជាមានមនសិការ ជាខ្មែរពិត តែបន្តិចបន្តួច រួចលួចក្រឡេកមើលពួកធ្លាប់លួច ធ្លាប់ប្លន់ ធ្លាប់រើសយកមរតកវប្បធម៌ខ្មែរទៅថៃ ទៅរក្សា ទៅការពារ ទៅលើកស្ទួយនោះ អ្នកនឹងមិនក្លាយទៅជាខ្មែរ ដែលត្រូវបណ្តាសាររបស់បុព្វបុរសមហានគរនោះឡើយ។ ជំនួសឱ្យពាក្យសោកស្តាយ តើអ្នកបានធ្វើអ្វីខ្លះដើម្បីរក្សា “វប្បធម៌” ជាតិខ្មែរ? ប្រឈមទៅនឹងភាពដុនដាបដល់កម្រិតមួយដែលមិនល្អនៃវប្បធម៌របស់ខ្មែរ តើក្រសួង និងស្ថាប័នណាខ្លះ គួរទទួលខុសត្រូវ និងបញ្ឈប់ភាពលង់លក់ដ៏អាក្រក់ទាំងកណ្តាលថ្ងៃត្រង់បែបនេះ?
ក្រៅពីភ្ជាប់ជាមួយរូបភាព Miss Grand Cambodia នោះ លោកគួច ខេវិន ដែលបង្ហាញសារឈឺចាប់ខ្លាំងនោះ ក៏បានភ្ជាប់ជាមួយរូបភាពអ្នកនាងខាត់ សុឃីម ស្លៀកពាក់ឈុតប្រពៃណីខ្មែរ ច្រៀងកម្មវិធីបុណ្យភ្ជុំ ដែលលោកបានដឹកនាំសម្តែងនៅ PNN កាលពីពេលថ្មីៗនេះដែរ ហើយអ្នកផលិតកម្មវិធីទូរទស្សន៍ល្បីឈ្មោះនេះ បានសរសើរអ្នកនាងខាត់ សុឃីម និងក្រុមត្រកូលខាត់ ដែលចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួនធ្វើបទចម្រៀងប្រពៃណីខ្មែរ ដែលមានការអប់រំដល់យុវវ័យ ឱ្យស្គាល់នូវវប្បធម៌ខ្មែរ មួយផ្នែកផងដែរ។
លោកខេវិន ក៏បានឱ្យដឹងថា “កម្មវិធីដែលលោកបានផលិតសម្រាប់បុណ្យភ្ជុំបិណ្ឌ កាលពីពេលថ្មីៗនេះ ដោយមានតារាល្បីៗជាច្រើនដួងចូលរួមនោះ ទទួលបានការចូលទស្សនាពីមហាជន ដោយចុច Like និងចែកចាយ (Share) យ៉ាងច្រើនផងដែរ ទើបលោកនៅតែប្រកាន់ទស្សនៈថា សម្រាប់កម្មវិធីបុណ្យធំ៣ របស់ខ្មែរ គឺភ្ជុំបិណ្ឌ, អ៊ុំទូក និងចូលឆ្នាំខ្មែរ គឺលោកនៅតែបន្តផលិតកម្មវិធីឱ្យមហាជនបានទស្សនា និងយល់ដឹងបន្ថែមទៀត ពីបុណ្យប្រពៃណីរបស់ខ្មែរ ទាំងនេះ ពិសេស គឺកម្មវិធីកុមារ និងបុរាណខ្មែរ ជាដើម ខាងក្រសួងគួរតែជំរុញឱ្យខាងស្ថានីយទូរទស្សន៍នីមួយៗ ធ្វើយ៉ាងហោចណាស់ ក៏ក្នុង១សប្តាហ៍ ម្តងដែរ ទោះជាគ្មាន Sponsor ក៏ដោយ៕